រដ្ឋមន្ត្រីកសិកម្ម៖ ដើម្បីសម្រេចគម្រោងសហគមន៍ព្រៃឈើនៅកម្ពុជាត្រូវគោរពភាពជាម្ចាស់

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្វាគមន៍ ចំពោះសកម្មភាពគម្រោងទាក់ទងនឹងសហគមន៍ព្រៃឈើនៅកម្ពុជា។ ប៉ុន្តែ ដើម្បីអនុវត្ត និងសម្រេចការងារនេះឱ្យមានប្រសិទ្ធភាព គឺត្រូវគោរពភាពជាម្ចាស់ (Ownership) និងកសាងនូវទំនុកចិត្តទាំងអស់គ្នា ។

ការលើកឡើងរបស់ លោក ឌិត ទីណា ខាងលើនេះ ក្នុងពេលលោកជួបពិភាក្សាការងារជាមួយលោក Markus Buerli តំណាង Swiss Cooperation Office ប្រចាំប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

លោករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់បន្ថែម ពីការគាំទ្រនូវសកម្មភាពគម្រោងរបស់អង្គការសង្គមស៊ីវិលស្របច្បាប់ ក្រោមគោលការណ៍គោរពគ្នាទៅវិញទៅមក។ចំពោះគម្រោងកិច្ចសហប្រតិបត្តិការនានារវាងក្រសួង និងអង្គការសង្គមស៊ីវិល ក៏ដូចជាដៃគូអភិវឌ្ឍ ត្រូវចាប់ផ្ដើមតាំងពីគំនិតផ្ដួចផ្ដើមដំបូង មុនពេលសរសេរគម្រោង និងដាក់ឱ្យអនុវត្តជាផ្លូវការ៕
ដោយ៖ ពុទ្ធិពល