គិតត្រឹមថ្ងៃទី ១៧ ខែកុម្ភៈ បុគ្គលិកវិទ្យុវីអូឌី ៨ រូបដាក់ពាក្យសុំចូលធ្វើការក្របខ័ណ្ឌរដ្ឋ

ភ្នំពេញ៖ សម្តេចហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បាន កំណត់រយៈពេលផ្តល់ក្របខ័ណ្ឌរដ្ឋជូនបុគ្គលិកវិទ្យុវីអូឌីត្រឹមថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ ខណៈគិតត្រឹមថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ មានបុគ្គលិកវិទ្យុវីអូឌី ៨ រូបបានមកដាក់ពាក្យសុំចូលធ្វើការក្របខ័ណ្ឌរដ្ឋ។

កាលពីយប់ថ្ងៃទី ១៧ ខែកុម្ភៈ សម្តេច ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមហ្វេសបុកថា «កាលពីថ្ងៃ១៤កុម្ភៈ២០២៣ខ្ញុំបានប្រកាស ផ្តល់ក្របខ័ណ្ឌរដ្ឋជូនបុគ្គលិកវិទ្យុវីអូឌីដែលបានបាត់បងការងារធ្វើ។ គិតត្រឹមល្ងាចថ្ងៃ១៧កុម្ភៈ២០២៣នេះមាន បុគ្គលិក៨រូបបានមកដាក់ពាក្យសុំចូលធ្វើការ»។

សម្តេចបានសរសេរបន្តថា «ដើម្បីបញ្ចប់ការងារនេះខ្ញុំសូមកំណត់រយៈ ពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង១៧.០០នាទីថ្ងៃ២៨កុម្ភៈ២០២៣។ ខ្ញុំសូមបញ្ជាក់សារជាថ្មីថាវិទ្យុវីអូឌីគ្មានថ្ងៃ រស់ឡើងវិញឡើយនិងខ្ញុំសូមអរគុណ ចំពោះអ្នកបង្ហោះសារថាបងប្អូនមួយចំនួន មិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែនិងឡើងត្នោត»។

សម្តេចបន្ថែមថា «ខ្ញុំសូមជូនពរឲ្យអ្នកទាំង អស់នោះរកការងារបានធ្វើដើម្បីចិញ្ចឹមជិវិត។ក្របខ័ណរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបានប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡងខ្ញុំពិតជាមានការអរគុណ។ពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេព្រោះខ្ញុំនឹងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិតនិងធ្វើការ»។

ក្រសួងមុខងារសារធារណៈ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ក៏បានសម្រេច បង្កើតគណៈកម្មការរៀបចំការទទួលពាក្យរបស់អតីតបុគ្គលិកវិទ្យុ VODដែលមានបំណងចូលបម្រើការងាររដ្ឋតាមក្រសួង-ស្ថាប័នផងដែរ៕ ដោយ៖ ពុទ្ធិពល