មន្ត្រីគ.ជ.ប៖តុលាការកំពូលនឹងរក្សាសេចក្តីសម្រេចរបស់សាលាដំបូងភ្នំពេញ និងសាលាឧទ្ធរណ៍ ក្នុងសំណុំរឿងប្តឹង លោក សុន ឆ័យ

ភ្នំពេញ៖ មន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រំពឹងថា តុលាការកំពូលនឹងរក្សាសេចក្តីសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ដែលគ្រោងប្រកាសនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខ ឱ្យគ.ជ.ប ឈ្នះក្តីដដែលក្នុងសំណុំរឿងប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្ស ភ្លើងទៀន ពីបទបរិហាកេរ្តិ៍ជាសាធារណៈក្នុងដំណើការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ ២០២២ កន្លងមកនេះ ។

លោក សោម សូរីដា មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគ.ជ.ប ប្រាប់សារព័ត៌មាន KHMER CM ក្រោយបញ្ចប់សាវនាការនៅថ្ងៃទី ១៧ ខែកុម្ភៈនេះថា តុលាការកំពូលមិនទាន់សម្រេចជាផ្លូវការក្នុងសំណុំរឿងក្តីនេះនៅឡើយទេ ប៉ុន្តែ យ៉ាងណាក៏ដោយ គជប នៅតែប្រកាន់ជំហរចោទប្រកាន់លោក ស៊ុន ឆ័យ ទៅលើការបរិហាកេរ្តិជាសាធារណៈ និងស្នើសុំឱ្យតុលាការកំពូលរក្សាសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ភ្នំពេញ ទុកជាបានការ។

ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា លោក មិនទាន់ហ៊ានអត្ថាធិប្បាយអ្វីច្រើននោះទេ ពាក់ព័ន្ធនឹងករណីខាងលើនេះ ព្រោះវាជាឆន្ទានុសិទ្ធិរបស់តុលាការកំពូល ហើយការសម្រេចបែបណារបស់ស្ថាប័ននេះ យើងត្រូវតែគោរព។

លោក គឹម សួរភារិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ថ្លែងថា បើតុលាការកំពូលសម្រេច បែបណានោះ លោកសុន ឆ័យនឹងទទួលយក ព្រោះវាជាដំណាក់កាលចុងក្រោយ ហើយ និងមិនអាចទៅប្តឹងផ្តល់នៅទីតាំងណាផ្សេងទៀតបាននោះទេ ព្រោះយើងរស់នៅក្នុងកម្ពុជា ដែលត្រូវតែគោរព និងអនុវត្ត។ តែយ៉ាងណា បើតុលាការសម្រេចឱ្យលោកសុន ឆ័យ ចាញ់ក្តី វាគ្រាន់តែអាប់ឱនមុខមាត់ប្រទេសកម្ពុជាតែប៉ុណ្ណឹងទេ ។

សាលាឧទ្ធរណ៍កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានសម្រេច តម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក សុន ឆ័យ «ទុកជាបានការ» ប៉ុន្តែបានសម្រេចកែប្រែបន្ថែមលើប្រាក់ពិន័យ និងលើប្រាក់សំណង់ជំងឺចិត្ត កាន់តែច្រើនជាង ជូនដល់ដើមបណ្តឹង។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ ទាំង២របស់លោក សុន ឆ័យ ដែលត្រូវបានប្តឹងដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា។ សំណុំរឿងប្តឹងដោយគ.ជ.ប ចៅក្រមបាន ផ្ដន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន៩លានរៀល។ ចំណែកក្នុងសំណុំរឿងប្តឹងដោយ គណបក្សប្រជាជនកម្ពុជា ចៅក្រមបានសម្រេចផ្ដន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន៨លានរៀល ព្រមទាំងបង្គាប់ឲ្យសងសំណងជម្ងឺចិត្តឲ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣០០០លានរៀលផងដែរ។

ជាមួយគ្នានេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អួង វុទ្ធា ក៏បានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលើអចលនវត្ថុចំនួន ០២កន្លែង ជាទ្រព្យសម្បត្តិរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បន្ទាប់ពីមានការអះអាងតាមបណ្តាញសារព័ត៌មានថា លោកនឹងមិនសងតាមការសម្រេចរបស់តុលការ ចំពោះបទបរិហាកេរ្តិ៍ជាសាធារណៈ នោះឡើយ។

គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យប្តឹងទៅតុលាការ ស្វែងរកយុត្តិធម៌ ធ្វើឡើងបន្ទាប់ពី លោក សុន ឆ័យ បានចោទប្រកាន់ និងបរិហាកេរ្តិ៍ជាសាធារណៈថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ មានការទិញ និងលួចបន្លំសន្លឹកឆ្នោត៕ ដោយ៖ ពុទ្ធិពល