លោក ប៉ាវ ស៊ីណា ៖ ការបើកសហជីពនៅតែមានការគំរាមកំហែង

ភ្នំពេញ ៖ ប្រធានសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា បានលើកពីក្តីកង្វល់របស់ខ្លួនក្នុងនាមជាមេហជីពការពារផលប្រយោជន៍កម្មករថា ក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីជំងឺកូវីដ១៩វាយលុកនៅកម្ពុជានោះ ការបង្កើតសហជីពក្នុងរោងចក្រមានការគំរាមកំហែង គាបសង្កត់ និងរើសអើងពីនិយោជក។

ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃ១៦ កុម្ភៈលោក ប៉ាវ ស៊ីណា បានអះអាងថា មួយរយៈពេលចុងក្រោយនេះ ចំពោះការបើកសហជីពមានការគំរាម គាបសង្កត់ រើសអើងយ៉ាងធ្ងន់ធ្ងរ ពោលគឺចាប់ពីពេលមានវិបត្តិជំងឺកូវីដតែម្តង ដោយសារនិយោជកយកលសេសពីអត់ការងារធ្វើ និងការរីករាលដាលនៃជំងឺកូវីដជាដើម។

លោកបន្តថា ដូចករណីខាងលើនេះ មានតំណាងសហជីពជាច្រើនត្រូវបានបញ្ឈប់ពីការងារ ហើយក៏មានតំណាងសហជីពមួយចំនួន ត្រូវបានក្រុមហ៊ុនប្តឹងពីការប្រើប្រាស់បណ្តាញសង្គម ក្នុងការចែករំលែកព័ត៌មានករណីបញ្ឈប់កម្មករ និងស្ត្រីសម្រាលកូនអត់មានការងារធ្វើ។

លោកគូសបញ្ជាក់ថា «អីចឹងយើងឃើញថា មានតំណាងសហជីពខ្លះជាប់ពន្ធនាគារ ហើយយើងក៏ឃើញមានបញ្ចប់ក្រុងត្រាការងារកម្មករជាបន្តបន្ទាប់។ តែក្រោយពីរដ្ឋាភិបាលទប់ស្កាត់បានល្អចំពោះការឆ្លងជំងឺកូវីដ យើងឃើញថា ដំណើរការនៅក្នុងរោងចក្របានដំណើរការធម្មតាវិញ ប៉ុន្តែក្នុងដំណើរការរើសអើងសហជីពនៅតែបន្តកើតមាន ដោយគ្មានភាពល្អប្រសើរនោះទេ ជាពិសេសនោះ សហជីពចលនាកម្មករផ្ទាល់តែម្តង»។

ជាមួយគ្នានេះលោកថា នៅរោងចក្រចំនួន៣ទើបតែបោះឆ្នោតជ្រើសរើសសហជីពរួច ត្រូវបានភាគីនិយោជកបញ្ឈប់ ហើយអ្នកនៅបន្តធ្វើការមិនទាន់ត្រូវបាននិយោជកបញ្ឈប់នោះ ក៏ត្រូវបានធ្វើទុក្ខបុកម្នេញតាមរយៈការមិនអនុញ្ញាតច្បាប់ ឃ្លាំមើល ការតាមប្រមាញ់គ្រប់រូបភាព និងការគំរាមកំហែងផ្នែករដ្ឋបាល និងភាគីខាងក្រៅដើម្បីឲ្យលាលែងពីសហជីព។

សូមបញ្ជាក់ថា បើតាមមន្ត្រីក្រសួងការងារ គិតត្រឹមឆ្នាំ២០២២ ក្រសួងការងារបានបណ្តឹងពាក់ព័ន្ធនឹងវិវាទការងារជាង ៩០០ករណី ក្នុងនោះ ដោះស្រាយសះជាមានជាង៥៤០ករណី ស្មើនឹងជិត៦០%៕ ដោយ៖ រិន ចំរើន