បក្សកាន់អំណាចកម្ពុជា-ឡាវ ប្រកាសប្រឆាំងសកម្មភាពបដិវត្តន៍ពណ៌

ភ្នំពេញ ៖ ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនបដិវត្តន៍ឡាវ បានប្រកាសរួមគ្នា ប្រយុទ្ធប្រឆាំងសកម្មភាពបដិវត្តន៍ពណ៌ និងមិនអនុញ្ញាតឲ្យបុគ្គល ឬអង្គការចាត់តាំងណាធ្វើសកម្មភាព ប្រឆាំង ឬប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងភាគីម្ខាងនោះទេ។

ក្នុងកិច្ចប្រជុំកំពូលនៃគណបក្សទាំងពីរលើកទី១៣ នៅរដ្ឋធានីរៀងចន្ទន៍ ប្រទេសឡាវ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ថងលុន ស៊ីសូលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមគណបក្សប្រជាជនបដិវត្តន៍ឡាវ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលបានលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង។

ភាគីទាំងពីរក៏បានឲ្យព័ត៌មានគ្នាទៅវិញទៅមក អំពីសភាពការណ៍លេចធ្លោរបស់គណបក្ស និងប្រទេសនីមួយៗ ជាពិសេសភាគីកម្ពុជា បានប្រាប់ឡាវ អំពីលទ្ធផល នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ និងបានផ្លាស់ប្ដូរយោបល់អំពីសភាពការណ៍អន្តរជាតិនិងតំបន់ ដោយផ្ដោតទៅលើការពង្រឹងពហុភាគីនិយមក្នុងទំនាក់ទំនងអន្តរជាតិ និងការគោរពច្បាប់អន្តរជាតិ ព្រមទាំងទិសដៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងគណបក្សនិងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

បន្ថែមពីលើនេះ ភាគីទាំងពីរឯកភាពរួមគ្នាប្រយុទ្ធប្រឆាំងសកម្មភាពបដិវត្តន៍ពណ៌ ដោយជំរុញការអនុវត្តច្បាប់ និងមិនអនុញ្ញាតឲ្យបុគ្គល អង្គការចាត់តាំងណាមានសកម្មភាពប្រឆាំង ឬ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងប្រទេស នៃភាគីម្ខាងទៀត។

ភាគីទាំងពីរ បានឯកភាបន្តពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូចប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិនៃប្រទេសទាំងបី និងប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់បុព្វហេតុសន្តិភាព ស្ថិរភាព មិត្តភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕ ដោយ៖ រិន​ ចំរើន