ផែព្រះសីហនុនិងភ្នំពេញ ទទួលចំណូល១២៦លានដុល្លារ

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ទទួលបានចំណូលចំនួន១២៦លានដុល្លារ។

ក្នុងចំណោមចំណូលទាំង១២៦លានដុល្លារ គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទំនិញឆ្លងកាត់មានចំនួនប្រមាណ ៥,៣ លានតោន កើនឡើង ១,២៩% និងចំណូលចំនួនប្រមាណ ៣៥១ប៊ីលានរៀល (ប្រមាណ៨៦លានដុល្លារ) កើនឡើង ២,៤៥% ធៀបនឹងការអនុវត្តឆ្នាំ២០២១។

ចំណែក កំពង់ផែស្វយ័តភ្នំពេញវិញ លោកថា មានទំនិញឆ្លងកាត់ប្រមាណ៤,២លានតោន កើនឡើង ៩% និងចំណូលសរុបមានចំនួនប្រមាណ១៦៣ប៊ីលានរៀល (ប្រមាណ៤០លានដុល្លារ) កើនឡើង ១៧,១០% ធៀបនឹងការអនុវត្តឆ្នាំ២០២១។ នេះបើតាមលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី ក៏មានគម្រោងទុកផងដែរ ចំពោះការធ្វើទំនើបកម្មចំណតផែកុងតឺន័រថ្មី តាមរយៈការសិក្សាជាមួយ JICA ដើម្បីប្រែក្លាយជាកំពង់ផែក្នុងតំបន់ដ៏មានសក្តានុពល ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលបច្ចុប្បន្នបាននិងកំពុងស្ថិតក្នុងនីតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់ ៕ ដោយ៖ រិន ចំរើន