សម្តេច ហ៊៊ុន សែន ៖ កីឡាករ-កីឡាការិនី រងរបួសទៅព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពដោយមិនគិតប្រាក់

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសអនុញ្ញាតឲ្យក្រុមកីឡាករ-កីឡាការិនីដែលរងរបួសពីការប្រកួតទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាពដោយមិនគិតថវិកាអ្វីឡើយ ។

ការសម្រេចចិត្តរបស់សម្តេចនេះ បានធ្វើឡើងនៅព្រឹកថ្ងៃ១៥ កុម្ភៈ ក្រោយបញ្ចប់កិច្ចពិភាក្សាជាមួយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីរៀបចំកន្លែងព្យាបាលដល់ពួកគាត់រងរបួស។

សម្តេចបានបន្តថា ការអនុញ្ញាតព្យាបាលមិនយកលុយនេះដែរ ដោយសារសម្តេចបានមើលឃើញពីការលំបាករបស់ក្រុមកីឡាដែលទៅព្យាបាលជំងឺនៅពេទ្យរដ្ឋ និងឯកជនលំបាករកថវិកាមកបង់ ទោះបីសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន បានឧបត្ថម្ភលើកីឡាករមួយចំនួនក៏ដោយ ក៏ពួកគាត់នៅតែជួបការលំបាកក្នុងការរកសេវាសុខភាព ។

សម្តេចបានគូសបញ្ជាក់ថា “ដោយមើលឃើញនូវការលំបាកបែបនេះ ព្រឹកនេះខ្ញុំបានពិភាក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេង និងលោកជំទាវយក់ សម្បត្តិដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ-កីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពដែលមានចំនួនគ្រែពី១០០ទៅ២០០គ្រែ” ។

សម្តេចនាយរដ្ឋមន្រ្តីបន្តថា ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។
សម្តេចក៏បានឲ្យក្រសួងសុខាភិបាលរៀបចំឲ្យបានឆាប់រហ័ស ដែលនឹងអាចចូលរួមផងដែរ ដល់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ៕ ដោយ៖ រិន ចំរើន