ខេត្តកំពង់ធំជាប់ចំណាច់ថ្នាក់លេខ ១ លើការផ្តល់សេវាសាធារណៈនៅតាមអង្គភាពច្រកចេញចូលតែមួយ

ភ្នំពេញ៖ ខេត្តកំពង់ធំក្នុងចំណោមរាជធានី-ខេត្តទាំង ២៥ នៅទូទាំងប្រទេសជាប់ចំណាត់ថ្នាក់លេខ ១ លើការផ្តល់សេវាសាធារណៈ តាមអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកំពង់ធំ ។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក » របស់រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែកុម្ភៈនេះឱ្យដឹងថា ការផ្តល់សេវាសាធារណៈ មកទល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំដាក់ដំណើរការអង្គភាពច្រកចេញចូលតែមួយ ខេត្ត និងការិយាល័យច្រក ចេញចូលតែមួយបានគ្រប់ក្រុង/ស្រុក រហូតដល់ថ្នាក់ឃុំ/សង្កាត់ ។

លោកបន្តថា ជាលទ្ធផល ក្នុង រយៈពេល៥ឆ្នាំនេះ អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តបានផ្តល់សេវាសរុបចំនួន ១៩៨.៦៥៨ សេវា ស្មើនឹងថវិកាចំនួន ៨.៥៣៧.១៣០.៤៥៧រៀល ។

លោកបន្ថែមថា ក្នុងរយៈពេល២ឆ្នាំចុង ក្រោយនេះ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តកំពង់ធំត្រូវបានផ្តល់ចំណាត់ថ្នាក់លេខ១ ជាភ្នាក់ងារ ដែលបានផ្តល់សេវាបានច្រើនជាងគេទូទាំងប្រទេសផងដែរ ។

លោកបញ្ជាក់ទៀតថា លើសពីនេះ អគាររដ្ឋបាលឃុំ/សង្កាត់ក៏ត្រូវបាន សាងសង់បានគ្រប់ឃុំ/សង្កាត់ទូទាំងខេត្ត ដើម្បីជំរុញការផ្តល់សេវាសាធារណៈ នៅមូលដ្ឋានឲ្យកាន់តែមាន ភាពងាយស្រួលជូនប្រជាពលរដ្ឋ និងធានាឲ្យបាននូវប្រសិទ្ធភាពក្នុងការថែរក្សាឯកសារអត្រានុកូលដ្ឋាន និង ឯកសារចាំបាច់នានា ។

លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងស្វាគមន៍ចំពោះខេត្តកំពង់ធំដែលទទូលបានចំណាច់ថ្នាក់លេខ ១ លើការផ្តល់សេវាសាធារណៈ នៅតាមអង្គភាពច្រកចេញចូលតែមួយ ។

លោកបានលើកទឹកចិត្ត និងពង្រឹង ឱ្យរដ្ឋបាលខេត្តបន្ត យកចិត្តទុកដាក់ផ្តល់សេវាសាធារណៈនៅតាមច្រកចេញចូលតែមួយនេះ ឱ្យកាន់តែប្រសើរថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យ អ្នកមកទទួលសេវាមានភាពសម្បាសយចិត្ត៕ ដោយ៖ ពុទ្ធិពល