អ្នកនាំពាក្យក្រសួងការបរទេសខ្មែរច្រានចោល ការព្រួយបារម្ភរបស់ទូតមួយចំនួន ជុំវិញការបិទ VOD

ភ្នំពេញ ៖ ក្នុងនាមជាអ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក អាន សុខខឿន បានច្រានចោលទាំងស្រុងចំពោះការព្រួយបារម្ភនានារបស់ស្ថានទូតបរទេសប្រចាំកម្ពុជា ចំពោះការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ។

យោងតាមសេចក្តីថ្លែងការណ៍នាថ្ងៃ១៣ កុម្ភៈ លោក អាន សុខខឿន បានលើកឡើងថា ការអះអាងថាជាសារព័ត៌មានសេរី និងឯករាជ្យ មិនមែនជាអាជ្ញាប័ណ្ណ ដើម្បីបំពានច្បាប់ដោយនិទណ្ឌភាពទេ ព្រោះឯករាជ្យភាពមិនអាចកាត់ផ្តាច់ចេញពីភារៈកិច្ចទទួលខុសត្រូវលើការងារ និងការទទួលស្គាល់កំហុស។ ការថ្លែងថា សារព័ត៌មាននេះធ្វើសេចក្ដីរាយការណ៍ដោយផ្អែកលើការពិត គឺជាការអះអាងដោយគ្មានមូលដ្ឋាន និងលម្អៀង។ អ្វីដែលពិតគឺសារព័ត៌មាននេះ បានចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជាក្នុងការផ្តល់ជំនួយមនុស្សធម៌ទៅវិញ។

អ្នកនាំពាក្យក្រសួងការបរទេសបន្តថា “មានការខកចិត្តយ៉ាងខ្លាំង និងសូមច្រានចោលទាំងស្រុងនូវការព្រួយបារម្ភនានាធ្វើឡើងក្រោមហេតុផលនយោបាយ មានការរើសអើង និងមានភាពលម្អៀងរបស់ស្ថានទូតបរទេសមួយចំនួន ចំពោះការដកហូតអាជ្ញាប័ណ្ណពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ ដែលទទួលមូលនិធិពីបរទេស” ។

លោកថា ចំណាត់ការរដ្ឋបាលចំពោះអង្គភាពដែលបំពានច្បាប់ មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់។ អ្វីដែលគួរឲ្យបារម្ភនោះគឺការផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូចដោយចេតនា ដែលធ្វើឲ្យប៉ះពាល់ដល់ខ្លឹមសារ និងគោលការណ៍នៃសិទ្ធិមនុស្ស និងសេរីភាព។ គួរឲ្យសោកស្ដាយ ការថ្លែងដោយលម្អៀងរបស់ស្ថានតំណាងទាំងនោះ បង្ហាញពីការធ្វើមិនដឹងមិនឮ ចំពោះការពិតមិនអាចប្រកែកបាន គឺមជ្ឈមណ្ឌលផ្សព្វផ្សាយនោះ បានបំពានវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបដិសេធមិនកែប្រែកំហុស អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន។

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសខ្មែរនេះ បន្ទាប់ពីក្រសួងព័ត៌មានប្រកាសបិទវិទ្យុ VOD ហើយសមត្ថកិច្ចបានយកសេចក្តីសម្រេចរបស់ក្រសួងទៅដល់ស្នាក់ការ VOD នាថ្ងៃ១៣ កុម្ភៈ មានស្ថានទូតបរទេសដូចជា ទូតអូស្ត្រាលី និងទូតអាមេរិកជាដើម បានចេញសេចក្តីថ្លែងការណ៍ចំពោះការបិទវិទ្យុ VODនេះ ។ ស្ថានទូតទាំង២លើកឡើងក្នុងន័យស្រដៀងគ្នាថា សារព័ត៌មានដែលមានភាពសេរី និងឯករាជ្យដើរតួនាទីសំខាន់ចាំបាច់ នៅក្នុងលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវមួយ ដោយផ្តល់ឲ្យសាធារណជន និងអ្នកសម្រេចចិត្តឲ្យដឹងការពិត ហើយធ្វើឲ្យរដ្ឋាភិបាលមានការទទួលខុសត្រូវ ៕ ដោយ៖​ រិន ចំរើន