នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ ស្រុះស្រួលគ្នា ដោះស្រាយបញ្ហាព្រំដែនសេសសល់

ភ្នំពេញ ៖ ជាថ្មីម្តងទៀតសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ ដោយឈរលើមូលដ្ឋានយោគយល់គ្នា ទៅវិញទៅមក និងដោយសន្តិវិធី។ មកដល់ពេលនេះ បង្គោលព្រំដែនកម្ពុជា-ឡាវនៅសល់តែ១៤%ទៀតទេ នឹងសម្រេចបានលទ្ធផលទាំងស្រុងដែលបានប្រមុខរដ្ឋាភិបាលនៃប្រទេសចង់បានហើយ។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាង សម្ដេច ជាមួយ លោក សនសៃ ស៊ីផាន់ដន នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ភាគីទាំងពីរបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពរបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ ដែលបានធ្វើការខណ្ឌសីមា និងបោះបង្គោលព្រំដែនបាន១២១បង្គោល ស្មើនឹង ៨៦% នៃព្រំដែនរួម និងបានឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ ដោយឈរលើមូលដ្ឋានយោគយល់គ្នាទៅវិញទៅមក និងដោយសន្តិវិធី។ សម្តេចតេជោ បានចាត់ទុកថា «ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រសំរាប់ប្រជាជាតិយើងទាំងពីរ»។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ភាគីទាំងពីរ បានឯកភាពជំរុញឲ្យក្រសួងពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នានិងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ស្ដីពីកិច្ចសហប្រតិបត្តិការថាមពលរវាងកម្ពុជា និង ឡាវ ដើម្បីធានាស្ថិរភាព និងសន្តិសុខថាមពលរវាងប្រទេសទាំងពីរ។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹង កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនឲ្យមានប្រសិទ្ធភាព តាមរយៈ ការចែករំលែកព័ត៌មានរវាងអាជ្ញាធរនៅតាមតំបន់ព្រំដែនឲ្យទាន់ពេលវេលា៕ ដោយ៖ រិន ចំរើន