ប្រធានាធិបតីចិន ឧបត្ថម្ភជំនួយឥតសំណងជាង៤៤លានដុល្លារដល់កម្ពុជា

ភ្នំពេញ ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែលបានប្រកាសជាសាធារណៈថា “បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា” ។ក្រៅពីពាក្យអរគុណហើយ លោក ស៊ី ក៏បានឧបត្ថម្ភជំនួយឥតសំណងមានទឹកប្រាក់៣០០លានយ័នស្មើនឹងជាង៤៤លានដុល្លារ ចំពោះគម្រោងផ្លូវដែកកម្ពុជាផងដែរ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ។

ការប្រកាសរបស់លោកប្រធានាធិបតីចិននេះ ក្នុងពេលសម្តេចកំពុងបំពេញដំណើរទស្សនកិច្ចនៅចិន។

ក្នុងជំនួបជាមួយគ្នាដែលបានចំណាយពេលប្រមាណ១០០នាទី នាថ្ងៃ១០ កុម្ភៈ មេដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត។

សូមបញ្ជាក់ថា គម្រោងផ្លូវដែកនៅកម្ពុជា នឹងអាចចេញរូបរាងជាបន្តទៀត បន្ទាប់ក្រុមហ៊ុនចិនបានប្រាស់សម្តេចតេជោនាថ្ងៃ៩ កុម្ភៈ ពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាបទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប។

ទាក់ទិនទៅនិងការវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនយោគផ្លូវល្បឿនលឿនធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក៕ ដោយ៖​ រិន ចំរើន