តាកែវទៀតហើយ! ជនសង្ស័យ ៥នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីក្លែងឯកសណ្ឋានកងរាជអាវុធហត្ថនៅតាកែវ

តាកែវ៖ ជនសង្ស័យចំនួន១ នាក់ ក្នុងចំណោម ៥ នាក់ ត្រូវបានឃាត់ខ្លួន នៅចំណុចភូមិពានមាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ និង ៤ នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ពាក់ព័ន្ធពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ។

ករណីឃាត់ខ្លួនជនសង្ស័យទាំង ៥នាក់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែលដឹកនាំដោយលោក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តាមការបញ្ជាពី លោក សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

ជនសង្ស័យទាំ ៥នាក់មានឈ្មោះឈ្មោះ ប៉ា ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ, ឈ្មោះ អឿន អាន ភេទប្រុសអាយុ២៥ឆ្នាំមុខរបរសន្តិសុខ រស់នៅភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី, ឈ្មោះ ទេព ឡៃសេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម, ឈ្មោះ ទេព មុនី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិតាម៉ូវ ឃុំជើងគួន ស្រុកសំរោង និងឈ្មោះ ញឹក យីឡាយ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរប្រធានសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ។

ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចបានចាប់យកវត្ថុតាងមួយចំនួន រួមមាន ឯកសណ្ឋានកងរាជអាវុធហត្ថខោចំនួន ១២ខោ អាវយឺតចំនួន០៧អាវ មួក០៩ ស្បែកជើងកវែងចំនួន០៧គូ ឯកសណ្ឋានយោធា ខោចំនួន០៣ខោ អាវយឺតចំនួន០១ ឯកសណ្ឋាននគរបាល អាវ ចំនួន០៤ ខោចំនួន០២ ឯកសណ្ឋានអង្គរក្ស អាវយឺតចំនួន០៤ មួកចំនួន០៤ និង រថយន្តចំនួន០២គ្រឿង(ម៉ាកLEXUS 470 ពណ៌កាំម៉ៃ ពាក់ស្លាកលេខភ្នំពេញ២AL-4513 និងLEXUS 400h ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ០២ ២-៨៩៨៥)។ បច្ចុប្បន្នមន្ត្រីជំនាញកំពុងអនុវត្តនីតិវិធី៕ ​ដោយ៖ ពុទ្ធិពល