កម្ពុជាត្រៀមកម្លាំង ១៥ ពាន់នាក់ ដើម្បីការពារក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME

ភ្នំពេញ៖ កម្ពុជាត្រៀមប្រើប្រាស់កងកម្លាំងមានសមត្ថកិច្ចជាង ១៥,០០០នាក់ មកពី ១៥អង្គភាព របស់រាជរដដ្ឋាភិបាល ដើម្បីការពារសន្តិសុខ និងសណ្តាប់សាធារណៈក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME លើកទី៣២ និងកីឡាជនពិការ ASEAN Para Game លើកទី១២ ។

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC ថ្លែងក្នុងកិច្ចប្រជុំផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ត្រៀមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដែលដឹកនាំដោយ សម្ដេច ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៅថ្ងៃទី ១០ ខែកុម្ភៈនេះ ឱ្យដឹងថា ការដាក់កម្លាំងច្រើននេះ ក្នុងគោលបំណង គឺត្រូវធានាដាច់ខាតសុវត្ថិភាព និងសន្ដិសុខទាំងស្រុង នៅពេលប្រារព្ធពិធីប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ទាំងមុន និងក្រោយការប្រកួត។ មួយវិញទៀត គឺ លើកកិត្យានុភាពរបស់ប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិ។

ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។

គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសល់តែ ៨៤ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME លើកទី៣២ និងកីឡាជនពិការ ASEAN Para Game លើកទី១២ នឹងចាប់ផ្តើមជាផ្លូវការ៕ ដោយ៖ ពុទ្ធិពល