លោក ម៉ៅ ច័ន្ទតារា ៖ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នៅតែមានបញ្ហាចំពោះពលរដ្ឋធ្វើចំណាក់ស្រុក

ភ្នំពេញ ៖ ក្នុងនាមជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា(អស់សុពលភាព តែស្ថិតនៅក្នុងទិន្នន័យចាស់) លោក ម៉ៅ ច័ន្ទតារា ដែលមានកាន់តួនាទីជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានលើកឡើងថា ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នៅតែមានបញ្ហាចំពោះប្រជាពលរដ្ឋធ្វើចំណាក់ស្រុកទាំងក្នុងនិងក្រៅប្រទេស។
ប៉ុន្តែទោះបីជាជួបបញ្ហាយ៉ាងណាក៏ដោយ ក៏លោកបានណែនាំក្រុមការងារខិតខំផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនប្រជាពលរដ្ឋ បើទោះបីជាពួកគាត់ធ្វើចំណាក់ស្រុក។

ក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ និងវឌ្ឍនភាពនៃការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ម៉ៅ ច័ន្ទតារា គូសបញ្ជាក់ថា «ក្រុមការងារត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត និងខិតខំប្រឹងប្រែងជំរុញការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាឲ្យអស់លទ្ធភាពតាមដែលអាចធ្វើបាន។ បច្ចុប្បន្នបញ្ហាប្រឈម នៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គឺនៅតែមានបញ្ហាចំពោះប្រជាពលរដ្ឋធ្វើចំណាក់ស្រុក ទាំងក្នុងប្រទេស និងក្រៅប្រទេស»។

លោកថា ក្រុមការងារជំនាញ និងមន្ត្រីពាក់ព័ន្ធត្រូវសិក្សាលើបច្ចេកទេសថ្មីបន្ថែមទៀត ដើម្បីជាទិសដៅបន្តដែលអាចឲ្យការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតានេះ មានលទ្ធភាពផ្តល់ជូនប្រជាពលរដ្ឋបាននៅទូទាំងប្រទេស សម្រាប់បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលធ្វើចំណាក់ស្រុក។

សូមបញ្ជាក់ថា ការផ្តល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើង គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានចំនួន ១២.៦៣៤.៣១៦ នាក់, ការផ្តល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចាប់ពីខែមីនា រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានចំនួន ៦២៦.៥០២នាក់ ៕
ដោយ៖ រិន ចំរើន