សម្តេចតេជោ ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ច នៅចិន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន ចាប់ពីថ្ងៃ៩-១១ ។

ក្នុងដំណើរកិច្ចទស្សនកិច្ចជាថ្មីម្តងទៀតរបស់នាយករដ្ឋមន្រ្តីខ្មែរដែលជាមិត្តដែកថែបរបស់ចិន មានគម្រោងការទូតតាំងពីមួយខែមុនមក ដោយតបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីន ប្រធានាធិបតីចិន។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោក៏នឹងជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយ លោក ស៊ី ជីនពីង និងលោក លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន។

សម្តេចតេជោ ក៏នឹងមានជំនួបទ្វេភាគីជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួមក្នុងតំបន់ និងអន្តរជាតិផងដែរ។ ក្រោយជំនួបសម្តេចតេជោ និងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននាពេលនេះ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឲ្យកាន់តែស៊ីជម្រៅ នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕ ដោយ៖ រិន ចំរើន