អាសូរណាស់! ព្រោះតែជីវភាព ខំចេញពីស្រុកមកធ្វើការដើម្បីរកលុយចិញ្ចឹមគ្រួសារ បែរជាមកខ្យល់គរស្លាប់ទៅវិញ

ភ្នំពេញ៖ បុរសម្នាក់បានខ្យល់គរស្លាប់ ក្នុងខណ្ឌពោធិ៍សែនជ័យ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅបន្ទប់ជួលក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុពីឈ្មោះ ឆន ពូលូ ភេទប្រុស អាយុ២៣ មុខរបរ អ្នកលេីកកាតុងនៅផែស្ងួតអ៊ុយញ៉ុង ត្រូវជាបងរបស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចេញពីធ្វេីការមកដល់បន្ទប់វិញឃេីញប្អូនមិនស្រួលខ្លួន ក៏ដឹកតាមម៉ូតូទៅមន្ទីរពេទ្យ ឯកជនមួយកន្លែងនៅតាមផ្លូវចូលរោង ចក្រ QMI (មិនស្គាល់ឈ្មោះ)។

ក្រោយមកក្រុមគ្រូពេទ្យបានប្រាប់ឱ្យគាត់ដឹកទៅមន្ទីរពេទ្យព្រះសង្ឃ ពេលនោះគាត់បម្រុងដឹកប្អូនទៅមន្ទីរពេទ្យព្រះសង្ឃ តែអកុសលប្អូនរបស់គាត់ បានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ ក៏បានដឹកសពមកវត្តជម្ពូវ័នតែម្ដង។

ជនរងគ្រោះឈ្មោះ ឆន ពន្លក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករលេីកកាតុងនៅផែអ៊ុយញ៉ុង មានស្រុកកំណើតនៅភូមិថ្មីឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញក៏ចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើកោសល្យវិច័យពិនិត្យសាកសពសព រួចហើយបញ្ជាក់ថា សពពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចមន្ត្រីជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕