សម្តេចតេជោ ស្នើជប៉ុន លើកទឹកចិត្តពលរដ្ឋខ្លួន មកមើលការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យមិត្តជប៉ុនលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្លួន មកទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមចាប់ពីដើមខែឧសភា ឆ្នាំ២០២៣ ពោលក្រោយចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ មកដល់ពេលនេះ នៅសល់តែ៨៦ថ្ងៃទៀតប៉ុណ្ណោះនឹងមកដល់នៃការប្រកួតហើយ។

ក្នុងឱកាសអនុញ្ញាតឲ្យលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ បានថ្លែងថា ជប៉ុន អាចជួយគាំទ្រដំណើរការស៊ីហ្គេមរបស់កម្ពុជា តាមរយៈលើកទឹកចិត្តឲ្យមានអ្នកមកទស្សនា និងរៀបចំឲ្យមានការហោះហើរត្រង់ ឬ Chater Fly មកកាន់កម្ពុជា ។

ការលើកឡើងរបស់សម្តេចនេះ បន្ទាប់ពីលោក Atsushi បានប្ដេជ្ញា និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត តាមរយៈជំរុញអ្នកវិនិយោគមកកាន់កម្ពុជា, ជំរុញទេសចរណ៍មកកម្ពុជា និងជួយគាំទ្រកម្ពុជា លើការរៀបចំដំណើរការកីឡាស៊ីហ្គេម, បោះឆ្នោតនាខែកក្កដាខាងមុខ, ការងារដោះមីន, កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការងារដទៃទៀត ៕ ដោយ៖ រិន ចំរើន