ជនសង្ស័យ ៣នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្អបើកកន្លែងលេងល្បែងស៊ីសង

ត្បូងឃ្មុំ៖ កងរាជអាវុធហត្ថបានអោយដឹងថា មានករណីលេងល្បែងស៊ីសង និងបើកកន្លែងលេងល្បែងស៊ីសង កាន់កាប់ល្បែងស៊ីសង ចាត់ចែង និងភ្នាក់ងារស៊ីសង (សង្វៀនជល់មាន់ និងអាប៉ោង) នៅចំណុចកាស៊ីណូហ្រ្គេនហ្គោលដេន ស្ថិតក្នុងភូមិត្រពាំងផ្លុង១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្រោយពីទទួលបានព័ត៌មានខាងលើលោក រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងដោយមានការសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅវេលាម៉ោង១២:៥០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ថេង ឆេងលីម មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងចុះរបង្រ្កាប ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ជាមេខ្លោង។

ជនសង្ស័យទាំងនោះ មានឈ្មោះ ហួត ហាន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ, ឈ្មោះ ង៉ូ គានឡុង ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ,និង ឈ្មោះ វ៉េត ជីម៉េង ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិតារាជ ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។

កម្លាំងអាវុធហត្ហខេតនតបានចាប់យកវត្ថុតាងមានរថយន្ត០៤គ្រឿង, ម៉ូតូ០៩គ្រឿង, មាន់ជល់ចំនួន ៤៥ក្បាល (ងាប់ ៣២ក្បាល), ប្រអប់ចេញរូបភាព យូគី ០១, ហាន់តោ (ខ្លាឃ្លោក) ០១ផ្ទាំង, ចានខ្លាឃ្លោក ០១ គំរប ០១ និងសំភារៈលេងល្បែងជាច្រើនទៀត។

ជនសង្ស័យនិងវត្ថុតាង ជំនាញបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕ ដោយ៖ ពុទ្ធិពល