ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានចេញមុខរិះគន់ សារព័ត៌មាន The Cambodia Daily Khmer ដែលបានផ្សព្វផ្សាយមិនគោរពក្របសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន។
ការចេញមុខរិះគន់របស់លោក ប៉ែន បូណានេះ ធ្វើឡើងបន្ទាប់ពី សារព័ត៌មាន The Cambodia Daily Khmer ចុះឧកញ៉ាជំនាន់ថ្មីម្នាក់ក្នុងចំណោមឧកញ៉ាចាស់វស្សា១២នាក់ គឺលោកឡេង ណាវ៉ាត្រា ដែលមានទ្រព្យសម្បត្តិច្រើន ហើយលឿនជាងគេនៅកម្ពុជា ពុំដែលទទួលបានប្រាក់ចំណេញពីគម្រោងវិនិយោគ ទាំងអស់របស់ខ្លួននោះទេ។
លោក ប៉ែន បូណា បានសរសេរនៅលើបណ្តាញសង្គមថា «វិជ្ជាជីវៈសារព័ត៌មានមិនអនុញ្ញាតឲ្យយកការសង្ស័យមកធ្វើជាកម្មវត្ថុក្នុងការចោទ ប្រកាន់បុគ្គលណាម្នាក់ភ្ជាប់ទៅនឹងបទល្មើសអ្វីមួយឡើយ។ បើចង់ផ្សាយរឿងធំបែបនេះគេត្រូវបើកការស៊ើបអង្កេតដ៏ធំមួយដើម្បីប្រមូលឯកសារ ភស្តុតាងឲ្យបានគ្រប់គ្រាន់និងរឹងមាំបំផុតជាមុនសិន»។
លោកបន្តថា កាលពីជំនាន់ប៉ុល ពត ខ្មែរច្រើនណាស់ដែលត្រូវគេយកទៅសម្លាប់ដោយគ្រាន់តែសង្ស័យហើយចោទប្រកាន់ថា ជាខ្មាំងរបស់អង្គការ។
លោកបាន អំពាវនាវដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ រាប់ទាំងសារព័ត៌មានក្រៅស្រុកផង សូមគោរពក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មានឲ្យបានខ្ជាប់ខ្ជួននោះទើបការផ្សាយព័ត៌មានប្រកបដោយគុណតម្លៃ។
សារព័ត៌មាន The Cambodia Daily Khmer បានចុះផ្សាយថា ឧកញ៉ាជំនាន់ថ្មីម្នាក់ក្នុងចំណោមឧកញ៉ាចាស់វស្សា១២នាក់ គឺលោកឡេង ណាវ៉ាត្រា ដែលមានទ្រព្យសម្បត្តិច្រើន ហើយលឿនជាងគេនៅកម្ពុជា ពុំដែលទទួលបានប្រាក់ចំណេញពីគម្រោងវិនិយោគ ទាំងអស់របស់ខ្លួននោះទេ។
សារព័ត៌មាននេះបន្តថា ក្រុមអ្នកឃ្លាំមើលសង្ស័យថា ឧកញ៉ារូបនេះអាចកំពុងដឹកនាំបងប្អូនបង្កើត របស់ខ្លួនទាំងគ្រួសារ និងតារាចម្រៀងល្បីៗមួយចំនួន ឲ្យរកស៊ីលាងលុយកខ្វក់សម្រាប់គ្រួសារអ្នកមានអំណាចនៅកម្ពុជា ដែលតម្រូវឲ្យ សមត្ថកិច្ចត្រូវបើកការស៊ើបអង្កេត ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់នេះ៕
ដោយ៖ ពុទ្ធិពល