រដ្ឋមន្ត្រីកសិកម្មណែនាំឱ្យមន្ត្រីរដ្ឋបាលជលផលត្រូវពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលជលផល គឺទីមួយត្រូវពង្រឹងការគ្រប់គ្រងនិងអភិរក្សធនធានជលផល ទីពីរត្រូវជំរុញវារីវប្បកម្ម ការកែច្នៃ និងការលើកទឹកចិត្តដល់វិស័យឯកជន និងទីបីគឺត្រូវពង្រឹងសហគមន៍នេសាទ និងការផ្លាស់ប្តូរមុខរបរប្រជានេសាទ។

ការណែនាំ របស់លោក ឌិត ទីណា ធ្វើឡើងនៅថ្ងៃទី ៧ ខែ កុម្ភៈនេះ ក្នុងពេលអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំបូកសរុបការងារវិស័យជលផលឆ្នាំ២០២២ តម្រង់ទិស២០២៣ និងលើកទិសដៅ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមអំពីការធានានូវសន្តិសុខស្បៀង និងឧត្តមភាពនៃផលិតផល ដែលទាមទារឱ្យមានការយកចិត្តទុកដាក់លើការងារ អនាម័យ ភូតគាមអនាម័យ SPS និងជួយគាំទ្រដល់វិស័យឯកជន ដើម្បីសម្របសម្រួលដល់ការនាំចេញ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានជំនាញចាំបាច់ត្រូវកសាងទំនុកចិត្តដល់ប្រជាជន។

ជាមួយគ្នានេះ លោក បានណែនាំដល់មន្ដ្រីទាំងអស់ឱ្យធ្វើការប្រកបដោយវិចារណញាណ ដោយត្រូវដឹងថា យើងកំពុងធ្វើអ្វី ដើម្បីអ្វី ដើម្បីនរណា ហើយអ្វីទៅដែលជាគោលដៅរបស់យើង។

តាមស្ថិតិវារីវប្បកម្មគឺការចិញ្ចឹមត្រីអនុវត្តបាន ៣៣០.៦០០តោន ស្មើនឹង ៩១,៨៣% ការភ្ញាស់ពូជកូនត្រីបាន ២៨៣.៥០០.០០០កូនស្មើនឹង៩៤,៥% ការចិញ្ចឹមក្រពើបាន៣៩១.៤១៤ក្បាលស្មើនឹង១៣០.៤៧% បង្កើតបណ្តុំវារីវប្បកម្មបាន៣៣១កន្លែងមានសមាជិក១០.៨០៦នាក់ និងបានផ្តល់វិញ្ញាបនបត្របញ្ជាក់ការអនុវត្តវារីវប្បកម្មល្អដល់កសិដ្ឋានបានចំនួន៨កន្លែង។ ចំពោះការនាំចេញផលនេសាទបានចំនួន ៨.០០០តោន ដែលមានចំណូលសរុបជាង ៣៧០លានរៀល៕ ដោយ៖ ពុទ្ធិពល