បុរសម្នាក់បើករថយន្តដឹកស្រីស្នេហ៍ទម្លាក់ទឹកឲ្យស្លាប់ទាំងអស់គ្នា ប៉ុន្តែស្លាប់តែខាងស្រី

ខេត្តកោះកុង ៖ បុរសម្នាក់កាលពីថ្ងៃទី២ ខែ កុម្ភៈ ឆ្នាំ២០២៣បានបើករថយន្ត ម៉ាកាមរី បាឡែន ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AH 6044 ដឹកស្រីស្នេហ៍របស់ខ្លួន ទម្លាក់ទឹកឲ្យស្លាប់ទាំងអស់គ្នា ប៉ុន្តែស្លាប់តែខាងស្រី ចំណែកខ្លួនមិនស្លាប់ ក៏ឡើងទៅលើដើមឈើបញ្ចប់ជីវិតដោយខ្លួនឯង។ ករណីគួឱ្យភ្ជាក់ផ្អើលនេះកើតឡើតនៅចំណុចចាំលុង ភូមិតាចាតឃុំទួលគគី ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ជនបង្កត្រូវបានគេស្គាល់ឈ្មោះ សំ សុខ ភេទប្រុស អាយុ៥៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (បានបញ្ចប់ជីវិតនៅលើដើមឈើ) ។ ចំណែកជនរងគ្រោះមានឈ្មោះ កប ស្រីនី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ស្លា.ប់ក្នុងរថយន្ត) ។


ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ព្រំ ពៅ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរលក់ដូរដែលត្រូវជាប្រពន្ធជនបង្ក បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាប្រមាណម៉ោង៩ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ប្តី សំ សុខ បានចេញពីផ្ទះមិនដឹងទៅណា ដោយគ្មានបានប្រាប់ប្រពន្ធសូម្បីបន្តិច ។

លោកស្រី បន្តថា លុះដល់វេលាម៉ោង៨ យប់ថ្ងៃដដែល ប្តីបានទូរស័ព្ទប្រាប់មកប្រពន្ធថា គាត់នៅភូមិទួលគគីរ ។ ពេលនោះប្រពន្ធបានសួរទៅវិញ នៅទួលគគីរធ្វើអីទាំងយប់ហើយ ប្តីក៏បានឆ្លើយតបភ្លាមៗថា «នៅដើរលេង និងសុំទោសប្រពន្ធ» រួចក៏បិទទូរស័ព្វរហូតទៅតេមិនចូលតែម្តងទៅ ។

លោកស្រីបន្ថែមថា ស្រាប់តែនៅ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០ ២៣ មានអ្នកនេសាទបើកទូកប្រទះឃើញមនុស្សបញ្ចប់ជីវិតនៅជាប់នឹងដើមកោងកាង ក៏រាយការណ៍ជូនអាជ្ញាធរ និងសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទួលគគីរ បានជ្រាបជាព័ត៌មាន ។

ក្រោយពីអ្នកនេសាទរាយការណ៍ពីហេតុការណ៍ភ្លាមៗ សមត្តកិច្ចនគរបាលបានចុះទៅដល់ បានឃើញមនុស្សប្រុសម្នាក់បញ្ចប់ជីវិតនៅដើមឈើប្រាកដមែន និងបានឃើញរថយន្ត១គ្រឿងទៀតធ្លាក់ចូលក្នុងទឹកព្រែកដែលមានមនុស្សស្រីម្នាក់ ដេកស្លា.ប់នៅលើកៅអីខាងមុខជាប់អ្នកបើកបរ ត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ កប ស្រីនី ជាស្រីស្នេហ៍ តែខ្លះថាជាប្រពន្ធចុងរបស់ជនបង្កឈ្មោះ សំ សុខ ។

មុនកើតហេតុដំបូង ត្រូវបានគេឃើញជនរងគ្រោះឈ្មោះ កប ស្រីនី បានអង្គុយលេងជាមួយឈ្មោះ សំ សុខ នៅភូមិទួលគគីរនោះ ហើយក៏ស្រាប់តែមានគេតេចូលមកទូរស័ព្ទជនរងគ្រោះ ដែលជាស្រីចិញ្ចឹមរបស់ឈ្មោះ សំ សុខ ពេលនោះក៏ សំ សុខ មានចិត្តប្រចណ្ឌខឹង ហើយក៏នាំជនរងគ្រោះ កប ស្រីនី ឡើងរថយន្តជិះសំដៅមកកន្លែងកើតហេតុ ដើម្បីធ្វើសកម្មភាពបើករថយន្តទម្លាក់ទឹកឲ្យស្លា.ប់ទាំងអស់គ្នា ប៉ុន្តែដោយខ្លួន«សំ សុខ» មិនស្លា.ប់ ទើបស្ទុះចេញពីក្នុងរថយន្ត ប្រញ៉ាប់ប្រញាល់ឡើងទៅលើដើមឈើបញ្ចប់ជីវិតតែម្តង ។ សាកសពជនរងគ្រោះត្រូវបានសមត្តកិច្ចប្រគល់ឲ្យក្រុមគ្រួសារ និងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕