UN សង្ឃឹមថា កម្ពុជា អាចសម្រេចគោលដៅគ្មានមីនឆ្នាំ២០២៥

ភ្នំពេញ ៖ លោក Joseph Scheuer ប្រធានអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជាអះអាងថា នឹងបន្តគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា ហើយសង្ឃឹមថាប្រទេសនេះ នឹងអាចសម្រេចគោលដៅគ្មានមីនក្នុងឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Joseph Scheuer លើកឡើងថា «ដោយឃើញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមយ៉ាងច្រើនពីគ្រប់មជ្ឈដ្ឋាន ក្នុងការដោះស្រាយបញ្ហាមីន មានបំណងចង់ចូលរួមធ្វើការកៀរគរធនធានពីប្រភពក្រៅប្រទេស ដើម្បីការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាផងដែរ អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រដល់ការងារបោសសម្អាតមីននេះ ហើយសង្ឃឹមថា កម្ពុជានឹងអាចសម្រេចនូវគោលដៅរបស់ខ្លួន កម្ពុជាគ្មានមីនឆ្នាំ២០២៥»។

ចំណែកលោក លី ធុជ ថា បន្ទាប់ពីបញ្ចប់សង្រ្គាមរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសកម្មភាពមីន គឺជាការងារអាទិភាពមួយក្នុងការដោះស្រាយ និងចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ។ បច្ចុប្បន្ននេះ សកម្មភាពមីនកម្ពុជា បានឈានដល់របត់មួយ និងសម្រេចបាននូវសមិទ្ធផលជាច្រើនជាប្រវត្តិសាស្រ្តរយៈពេលជាង ៣០ឆ្នាំមកនេះ ក្នុងការរំដោះផ្ទៃដីជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

លោកទេសរដ្ឋមន្រ្តីបន្ដថា កម្ពុជា ទទួលការគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមពីប្រភពធនធានផ្សេងៗគ្នាជាច្រើន រួមមាន រាជរដ្ឋាភិបាល ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ដូចអ្វីដែលឃើញយ៉ាងច្បាស់ចាប់ពី២០២២ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតគម្រោងសម្តេចតេជោសម្រាប់សកម្មភាព និងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។

លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានចាត់ទុកអង្គការសហប្រជាជាតិ គឺជាមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់កម្ពុជា ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ផងដែរ ព្រមទាំងបានអញ្ជើញប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចុះពិនិត្ស និងស្វែងយល់អំពីសកម្មភាពបោសសម្អាតមីនរបស់ប្រតិបត្តិករនៅទីវាលដោយផ្ទាល់ តាមពេលវេលាសមស្របណាមួយ ៕ រិន​ ចំរើន