រដ្ឋបាលខេត្តកោះកុង ត្រៀមចុះអនុវត្តវិធានរដ្ឋបាលរុះរើខ្ទមអនាធិបតេយ្យសង់លើដីរដ្ឋ និងដីរបស់ក្រុមហ៊ុនហ្គ្រីនរិចគ្រុប ស្ថិតនៅភូមិជ្រោយប្រស់

កោះកុង៖ រដ្ឋបាលខេត្តកោះកុង ត្រៀមចុះអនុវត្តវិធានរដ្ឋបាលរុះរើខ្ទមអនាធិបតេយ្យសង់លើដីរដ្ឋ និងដីរបស់ក្រុមហ៊ុនហ្គ្រីនរិចគ្រុប ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ និងភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

ការត្រៀមនេះ ធ្វើឡើង ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២៣ ដឹកនាំ ដោយលោក សុខ សុទ្ធី អភិបាលខេត្តកោះកុង និង បន្ទាប់ពីមានការណែនាំ និងអនុញ្ញាតពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។

ក្នុងកិច្ចប្រជុំពិភាក្សានេះ លោក សុខ សុទ្ធី ថ្លែអថា រដ្ឋបាលខេត្តនឹងចេញលិខិតជូនដំណឹងឱ្យប្រជាពលរដ្ឋ ដែលទន្ទ្រានកាន់កាប់ដីរដ្ឋ និងដីក្រុមហ៊ុនហ្គ្រីនរិចគ្រុប រុះរើដោយខ្លួនឯង និងចាកចេញពីដីរដ្ឋ ត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។

លោកបន្តថា រដ្ឋបាលខេត្តនឹងចុះអនុវត្តវិធានរដ្ឋបាលរុះរើ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ និងចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់ខ្ទម។ និង ការរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ការទន្ទ្រានកាន់កាប់ដីរដ្ឋ គឺជាទង្វើខុសច្បាប់។

យោងតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រង់មាត្រា៨១ ចែងថា៖ រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា៧១ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ដល់ ១០ ០០០ ០០០ (ដប់លាន) រៀល៕ ដោយ៖ ពុទ្ធិពល