រដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ

ភ្នំពេញ៖ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និង តំណាងរាជរដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំ ពិភាក្សា ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ខណៈសេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តកាលពីពេលថ្មីៗនេះ ។

ក្នុងកិច្ចប្រជុំពិភាក្សា នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ថ្លែងថា កិច្ចប្រជុំនាថ្ងៃនេះគឺសមាជិក សមាជិកា រដ្ឋសភា ចង់បានការបំភ្លឺបន្ថែមពីតំណាងរាជរដ្ឋាភិបាលលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនូវចំណុចមួយចំនួនដែលពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះ ដើម្បីជាមូលដ្ឋានក្នុងការប្រជុំពិភាក្សាអោយកាន់តែស៊ីជម្រៅ និងឯកភាពគ្នានាពេលនេះ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងពន្យល់ថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈត្រូវបានរៀបចំឡើងដើម្បីកសាងក្របខ័ណ្ឌគតិយុត្តគោល និងចាំបាច់ សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ថា ថវិកាសមិទ្ធកម្មដែលជាម៉ូដែលសមស្របសម្រាប់កម្ពុជា។

លោកបន្តថា ក្នុងគោលបំណងនេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អោយដឹកនាំការងាររៀបចំសេចក្តីព្រាងច្បាប់នេះចាប់តាំងពីឆ្នាំ២០២០ ដែលសេចក្តីព្រាងច្បាប់នេះគឺជាច្បាប់គោលគ្របដណ្តប់លើការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសម្រាប់ពង្រឹងការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម ដែលជាជំហានដ៏សំខាន់សម្រាប់ពង្រឹងគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលដៅធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជាដែលអាចអនុវត្តក្នុងបរិការណ៍កម្ពុជា ព្រមទាំងស្របតាមទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ របស់រាជរដ្ឋាភិបាល និងស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ សេចក្តីព្រាងច្បាប់នេះ មាន៩ជំពូក និង១០៩មាត្រា។

ក្រោយពីមានការសាកសួរពីគណៈកម្មការជំនាញនានា និងបកស្រាយពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គប្រជុំបានឯកភាពលើខ្លឹមសាររួមនៃសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដោយគ្រាន់តែកែសម្រួលអក្ខរាវិរុទ្ធអោយត្រឹមត្រូវតាមអត្ថបទច្បាប់។ ហើយគណៈកម្មការជំនាញ និងរាយការណ៍ទៅគណៈអចិន្ត្រៃយ៍ពិនិត្យសម្រេចដាក់ចូលទៅក្នុងរបៀបវារៈកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភានាពេលខាងមុខ ៕ ដោយ៖ ពុទ្ធិពល