នគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនជនសង័្សយម្នាក់ពាក់ព័ន្ធនឹងប្រើហិង្សាបណ្តាលរងរបួសជនរងគ្រោះ

បាត់ដំបង ៖ កម្លាំងនគរបាលស្រុកភ្នំព្រឹក បានឃាត់ខ្លួនជនសង័្សយម្នាក់ បន្ទាប់ពី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រើអាវុធ (កាំបិត) បណ្តាលជនរងគ្រោះមានរបួស កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦និង៣០នាទី ត្រង់ចំណុចក្រុមទី៣៥ ភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

អគ្គស្នងការនគរបាលជាតិឱ្យដឹងនៅថ្ងៃទី២ ខែកុម្ភៈ ថា ជនសង្ស័យមានឈ្មោះ សុន ហួ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ រីឯជនរងគ្រោះឈ្មោះ ញ៉ែម សុផល ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរងរបួសនៅផ្នែកក្បាល ០១កន្លែង និងដាច់រយះមេដៃខាងស្តាំ ០១កន្លែង ត្រូវបានក្រុមគ្រួសារនាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

លោក ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបញ្ជាក់បន្ថែមថា ជនសង្ស័យខាងលើ តែងតែបង្កហេតុមកលើជនរងគ្រោះជារឿយៗ នាពេលកន្លងមក រហូតសមត្ថកិច្ចធ្វើការអប់រំណែនាំគាត់រួចមកហើយ លុះដល់ថ្ងៃកើតហេតុ រូបគេបានធ្វើសកម្មភាពនេះឡើងតែម្តង ប៉ុន្តែនៅពេលឃាត់ខ្លួនសមត្ថកិច្ចបានពិនិត្យឃើញថា យុវជនរូបនេះ មានផ្ទុកនូវសារធាតុញៀនក្នុងខ្លួនទៀតផង។

លោកបន្តថា ករណីនេះ សមត្ថកិច្ចនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ៕
ដោយ៖ ពុទ្ធិពល