ភ្នំពេញ៖ ក្រោយមានការរិះគន់ពីមជ្ឃដ្ឋាននានាជុំវិញការតែងតាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការសម្រាប់ក្រសួងស្ថាប័នជាតិ និងទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រីមានចំនួននៅចុងអាណត្តិនេះ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន អះអាងថា ការតែងតាំងនេះមិនមានច្បាប់ណាហាមនោះទេ ។
លោក ផៃ ស៊ីផាន ប្រាប់សារព័ត៌មាន Khmercm នៅថ្ងៃទី ១ ខែកុម្ភៈថា ការតែងតាំងមន្ត្រីខាងលើនេះ គឺមិនមែនជាសមាជិករបស់រាជរដ្ឋាភិបាលនោះទេ ហើយក៏មិនមានច្បាប់ណាមួយហាមឃាត់ និងមិនឱ្យរាជរដ្ឋាភិបាលតែងតាំងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សានោះដែរ។
លោកបន្ត មួយវិញទៀតការតែងតាំងនេះ គឺឆ្លើយតបទៅនឹង កំណែទម្រង់ស៊ីជម្រៅងរបស់រាជរដ្ឋាភិបាល ដែលត្រូវការធនធានមនុស្សសម្រាប់ក្រសួងស្ថាប័ននីមួយៗដើម្បីឱ្យកំណែទម្រង់នេះ ឱ្យទទួលបានប្រសិទ្ធិភាព និងជោគជ័យ ។
លោក ផៃ ស៊ីផាន ក៏ទទួលស្គាល់ដែរថាការតែងតាំងនេះ ក៏ចំណាយថវិការដ្ឋច្រើនដែរ ប៉ុន្តែ ទីប្រឹក្សាមួយចំនួន ក៏មិនទទួលបានប្រាក់ខែដែរ ។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលក៏នៅតែរក្សា និងគ្រប់គ្រងសមតុល្យ លើការចំណាយផងដែរ ។ ជាស្តែងរាជរដ្ឋាភិបាលបានចំណាយទៅលើការជួយជនក្រីក្រដែលទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ ១៩ ច្រើនផងដែរ ក្នុងមួយរយៈកន្លងមកនេះ នៅតែអាចគ្រប់គ្រងលើថវិការដ្ឋបាន។
ទោះជាយ៉ាងណាក៏ដោយ លោកបន្ថែមថា ការតែងតាំងសម្រាប់អាណត្តិថ្មី ចំពោះរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សា អាស្រ័យលើសម្តេចនាយករដ្ឋមន្ត្រី តែប៉ុណ្ណោះ សម្រាប់ជិតផុតអាណត្តនេះ ពួកគាត់ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក៏ជិតផុតដែរ៕ ដោយ៖ ពុទ្ធិពល