ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីការងារមួយចំនួន រួមមាន ការដោះលែងដោយមានលក្ខខណ្ឌ ទោសការងារសហគមន៍ និងការផ្ទេរទណ្ឌិតជនជាតិថៃ និងជនជាតិឡាវ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ថា្នក់ដឹកនាំក្រសួងយុត្តិធម៌ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំង មន្រ្តីរាជការពាក់ព័ន្ធមួយចំនួនផងដែរ។
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់បានថ្លែងថា នាពេលខាងមុខនេះ កម្ពុជា នឹងឈានទៅអនុវត្តទោសក្នុងសហគមន៍ ដើម្បីផ្តល់ប្រយោជន៍ដល់សង្គម និងកាត់បន្ថយចំនួនអ្នកទោស ដែលកំពុងកើនឡើងច្រើនក្នុងពន្ធនាគារ និងឈានទៅកាត់បន្ថយការចំណាយរបស់រដ្ឋ។
សម្តេចន្ថែមថា ការអនុវត្តន៍ទោសសហគមន៍គឺជាការដាក់អ្នកទោសឱ្យធ្វើការងារ ផ្សេងៗទៅតាមជំនាញរបស់ពួកគេនៅក្នុងសហគមន៍ ជំនួសឱ្យការជាប់ឃុំនៅក្នុងពន្ធនាគារ ដោយស្ថិត ក្រោមការត្រួតពិនិត្យរបស់សមត្ថកិច្ច។
បើតាមសម្តេចស ខេង ការដាក់ឱ្យអនុវត្តទោសសហគមន៍ គឺក្រោមការត្រួតពិនិត្យរបស់សមត្ថកិច្ច ដែលនឹងធ្វើឱ្យសង្គម និងទណ្ឌិតអាចទទួលបានផលប្រយោជន៍ច្រើន ព្រមទាំងអាចកាត់បន្ថយការកកស្ទះចំនួនទណ្ឌិតក្នុងពន្ធនាគារដែលកំពុងកើនឡើងបានទៀតផង។
ដោយឡែកការផ្ទេរទណ្ឌិតវិញ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសថៃ លោក ឆឺតគៀតអាត់ថាកន នៅវិមានសន្តិភាព កាលពីពេលថ្មីៗនេះ សម្តេចនាយក រដ្ឋរដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពឱ្យក្រសួងយុត្ដិធម៌កម្ពុជា ពិនិត្យ និងពិចារណាករណីបញ្ជូនអ្នកទោសដោយស្ម័គ្រចិត្ត ដោយមិន ចាំបាច់ធ្វើបត្យាប័ន នោះទេ។
សម្តេចបញ្ជាក់ថា ការបញ្ជូនអ្នកទោស ដោយស្ម័គ្រចិត្តទៅប្រទេសដើមកំណើតខ្លួនវិញនេះ គឺធ្វើឡើង ដើម្បីផ្លាស់ប្ដូរអ្នកទោសទៅវិញទៅមក ដោយយោងទៅលើការស្ម័គ្រចិត្ត រវាងប្រទេសនីមួយៗ៕ ដោយ៖ ពុទ្ធិពល