ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូន និងភស្តុភារកម្ម គឺនៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាខ្លាំង។
ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុលខាងលើនេះ ធ្វើឡើងក្នុងពេលទទួលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយប្រតិភូ សាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ – Sumitomo Mitsui Banking Corporation (SMBC) លើផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងអភិវឌ្ឍន៍កាលពី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
លោកបន្តថា ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលកំពុងបើកដំណើរការ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានបញ្ចប់ការសិក្សា ហើយគ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលនឹងរៀបចំធ្វើការសិក្សា ព្រមទាំងគម្រោងលើកកម្រិតផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនការសិក្សាផងដែរ។
ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី ក៏បានលើកឡើងអំពី ការអភិវឌ្ឍវិស័យកំពង់ផែផងដែរ ក្នុងនោះរួមមាន ការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែពហុបំណងខេត្តកំពត។ លោក បន្ថែមថា រាជរដ្ឋាភិបាលមានគម្រោងនឹងកែប្រែមុខមាត់ខេត្តព្រះសីហនុទាំងមូល ឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចពិសេស ដោយរួមបញ្ចូលទាំងវិស័យដឹកជញ្ជូន កំពង់ផែ ភស្តុភារកម្ម រោងចក្រថាមពល ទេសចរណ៍ បដិសណ្ឋារកិច្ច នឹងប្រមូលផ្តុំនៅទីនោះ។
ទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឺក លោក រដ្ឋមន្ត្រី បានលើកឡីងពីគម្រោងការជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។
លោកសង្កត់ធ្ងន់ថា គ្រមោងនេះត្រូវបានសិក្សាលម្អិតរួចរាល់ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដែលមិនមានអ្វីជាការប៉ះពាល់ឡើយ បើសិនជាយើងរកបានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យលេចចេញជារូបរាង នោះវានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍នេះផងដែរ។
ចំពោះការបន្តជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី លោក រដ្ឋមន្ត្រី បានជម្រាបជូនថា៖ ក្រសួង ក្នុងនាមជាសេនាធិការរបស់ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកៀរគរដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីថែរក្សាបរិស្ថានឱ្យបានគង់វង្សយូរអង្វែង ជាមួយយុទ្ធនាការអព្យាក្រឹតកាបូន លោករដ្ឋមន្ត្រី បានជម្រាបពីទីតាំងស្ថានីយបញ្ចូលថាមពលអគ្គិសនី ដែលកំពុងដាក់ឱ្យដំណើរការនាពេលបច្ចុប្បន្ន និងផែនការក្នុងការបន្តពង្រាយឱ្យបានច្រើននៅពាសពេញផ្ទៃប្រទេស ពីសំណាក់ក្រុមហ៊ុនឯកជននានា។
ប្រតិភូ SMBC បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់លើគម្រោងអភិវឌ្ឍន៍នានាដែល លោករដ្ឋមន្ត្រី បានលើកយកមកជម្រាបជូននាពេលនេះ និងបានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន របស់កម្ពុជា ក្រោមការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ។
លោក Rajeev Kannan នាយកប្រតិបត្តិ SMBC ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក ថ្លែងថា ទាក់ទងទៅនឹងវិស័យហិរញ្ញវត្ថុសម្រាប់គម្រោងអភិវឌ្ឍន៍ SMBC គឺមានបទពិសោធន៍ជាច្រើន និងរយៈពេលជាយូរឆ្នាំ ទាំងក្នុង និងក្រៅតំបន់ ជាមួយគ្នានេះដែរក្នុងប្រទេសកម្ពុជា SMBC កំពុងសហការជាមួយធនាគារអេស៊ីលីដា អនុវត្តនូវគម្រោងក្នុងការលើកម្ពស់គោលដៅអភិវឌ្ឍប្របដោយចីរភាព ដែលស្របគ្នាជាមួយការជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី របស់រាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ SMBC កំពុងសម្លឹងមើលឱកាសក្នុងការសហការជាមួយរាជរដ្ឋាភិបាល និងបានស្នើ់សុំការណែនាំពីសំណាក់ លោកទេសរដ្ឋមន្ត្រី ក្នុងការស្វែងរកឱកាសក្នុងការវិនិយោគ ចំពោះបណ្ដាគម្រោងថ្មីៗរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសគឺនៅក្នុងវិស័យភស្តុភារកម្ម និងវិស័យកំពង់ផែ។
ជាងនេះទៅទៀតមានគម្រោងធំៗចំនួន២ ដែល SMBC ផ្ដោតការចាប់អារម្មណ៍ជាខ្លាំងក្នុងការផ្តល់ហិរញ្ញប្បទាន រួមមាន៖ គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពតនិងគម្រោងការអភិវឌ្ឍន៍ផែនការមេភស្តុភារកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងផែនការមេនេះមានគម្រោងជាង ៣៣២គម្រោង ជាមួយនឹងទឹកប្រាក់ជាង ៤៨លានដុល្លារ៕ ដោយ៖ ពុទ្ធិពល