ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានផ្សាយនៅក្នុងបណ្តាញសង្គម Twitter នាថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ថា “នំដុត មួយកូនថង់ និងផ្លែខ្នុរ មួយចំណែកថ្វីត្បិតវាមិនថ្លៃ តែជាទឹកចិត្តដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ក្មួយស្រីដែលជា អាជីវករលក់ដូរក្នុងផ្សារខេត្តក្រចេះ ដែលបានសម្តែងនូវមនោសច្ចេតនារំភើបនិងសប្បាយរីករាយឥតឧបមាដែល បានជួបខ្ញុំនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ។
លោកស្រីបន្តថា ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅជូនដល់ក្មួយស្រី និងបងប្អូនអាជីវករ ដែលលក់ដូរនៅទីផ្សារនេះ ដែលបានស្រឡាញ់រាប់អានខ្ញុំបែបនេះ និងបានស្ម័គ្រចិត្តទៅទទួលយកវ៉ាក់សាំងកូវីដ-១៩ រួម ទាំងលោកចៅសង្កាត់ និងសហការីរបស់លោកទាំងអស់ផងដែរ។
លោកស្រីបន្ថែមថា យើងទាំងអស់គ្នារួមគ្នាទប់ស្កាត់ការផ្ទុះឡើងវិញជា យថាហេតុនូវការចម្លងវីរុសកូវីដ-១៩ ដោយនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យដល់ដូសជំរុញទី៦ និងដូសបន្តបន្ទាប់ ទៀត រួមជាមួយនឹងការបន្តប្រុងប្រយ័ត្នការពារការចម្លង បន្តគ្នា ដោយអនុវត្តន៍ “៣ការពារ និង៣កុំ” ទៅតាមពេល វេលា ទីកន្លែង និងតាមកាល:ទេស: ដោយការរៀនរស់ជាមួយនឹងវត្តមានកូវីដ-១៩នេះ។
លោកស្រីអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់មានសុខភាពល្អ រកស៊ីមានបានចម្រុងចម្រើន និងចៀសផុតពីជំងឺកូវីដ-១៩ និងជំងឺដ៏ទៃទៀត ចៀសផុតពី ការពុលចំណីអាហារពិសេសស្រាស ចៀសផុតពីគ្រោះថ្នាក់ចរាចរ និងកុំសេពគ្រឿងញៀន នាឱកាសចូលឆ្នាំប្រពៃណី ជាតិខ្មែរខាងមុខនេះ៕
ដោយ៖ ពុទ្ធិពល