ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សឈានមុខដែលមានឧត្តមភាពខ្ពស់ សម្រាប់ការប្រកួតប្រជែង ក្នុងរបបប្រជាធិបតេយ្យសេរី ពហុបក្ស ហើយក៏ជាផែនគ្រឹះទ្រទ្រង់ ឲ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍវែងឆ្ងាយយូរអង្វែងដូចសព្វថ្ងៃ ។
ក្នុងសុន្ទរកថា បើកមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ មករានេះ បានឲ្យដឹងថា នៅក្នុងនីតិកាលទី៦នៃរដ្ឋសភានេះ ទាំងស្ថាប័ននីតិបញ្ញត្តិ និងទាំងស្ថាប័ននីតិប្រតិបត្តិ បានសាមគ្គីគ្នាពុះពារគ្រប់ឧបសគ្គ ខិតខំធ្វើការងារមិនសំចៃកម្លាំង ហើយបាននាំមកនូវជោគជ័យ និងសមិទ្ធផលធំធេងលើគ្រប់វិស័យជូនជាតិ និងប្រជាជន ក្នុងនោះលេចធ្លោគឺការរក្សាបានសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៅគ្រប់កន្លែង ការរក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព សង្គមរឹងមាំ ការគ្រប់គ្រងជំងឺកូវីដ-១៩បានល្អប្រសើរ ការរក្សាបានកំណើនសេដ្ឋកិច្ចនិង លំនឹងជីវភាពរបស់ប្រជាជន ការកែទម្រង់រដ្ឋគ្រប់វិស័យទទួល បានលទ្ធផលជាផ្លែផ្កា ការទទួលបាន ជោគជ័យលើការងារ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការលើកកម្ពស់កិត្តិសព្ទរបស់កម្ពុជាកម្រិតខ្ពស់នៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈជោគជ័យនៃការអនុវត្ត នយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ និងជោគជ័យនៃការដឹកនាំនិងបំពេញភាវូកិច្ច កម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាដើម។
ដោយឡែក បើនិយាយពីភាពរឹងមាំ របស់គណបក្សប្រជាជនកម្ពុជាវិញ មកដល់ពេលនេះ បានពង្រឹងពង្រីកបានធនធានមនុស្សសម្បូរបែប ជាពិសេសមានធនធានសម្រាប់បន្តវេនតាមសម័យកាល ។ ពង្រឹងរចនាសម្ព័ន្ធចាត់តាំងគ្រប់ថ្នាក់បានរឹងមាំ ពង្រឹងពង្រីកសមាជិកបក្ស ទូលំទូលាយដល់គ្រប់មជ្ឈដ្ឋានក្នុងសង្គម មានកន្លែងធ្វើការដូចជា អាគាវិមាន៧មករា និងអាគានៃទីស្នាក់ការគណបក្សគ្រប់ថ្នាក់ រឹងមាំ ស័ក្តិសម សមរម្យ នៅទូទាំងប្រទេស ព្រមទាំងមាន មធ្យោបាយផ្សេងទៀតសម្រាប់ធ្វើការងារផងដែរ។ ទាំងអស់នេះ បញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សឈានមុខ ដែលមានឧត្តមភាពខ្ពស់សម្រាប់ការប្រកួតប្រជែងក្នុងរបបប្រជាធិបតេយ្យសេរី ពហុបក្ស និងក៏ជាផែនគ្រឹះទ្រទ្រង់ឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍវែងឆ្ងាយយូរអង្វែង»។
ក្នុងសន្ទរកថា ឲ្យដឹងទៀតថា ឆ្នាំ២០២៣ ជិតមួយខែរួចហើយ ហើយប្រជាជនទូទាំងប្រទេស ក៏ទើបបាន រំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករារួចហើយដែរ។ ប៉ុន្តែអ្វីដែលត្រូវយកចិត្តទុកដាក់ នៅពេលនេះឆ្នាំ២០២៣ គឺជាឆ្នាំដែលត្រូវបញ្ចប់អាណត្តិរដ្ឋសភា រាជរដ្ឋាភិបាលឆ្នាំ២០១៨-២០២៣ និងក៏ជាឆ្នាំដែលត្រូវចាប់ផ្តើមនីតិកាលថ្មី រយៈពេល៥ឆ្នាំបន្តទៀត ។ ប្រការនេះបញ្ជាក់ថា ពិតជាមានកិច្ចការច្រើនដែលត្រូវធ្វើចំពោះមុខ ហើយក្នុងនោះ ក៏ត្រូវរួមគ្នាធ្វើរាល់កិច្ចការឱ្យបានល្អបំផុត ដើម្បីឈានទៅដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នាពេលខាងមុខ។
ផ្តើមពីនេះ អង្គមហាសន្និបាតត្រូវរួមគ្នាសម្រេចឱ្យបាន កម្មវិធីនយោបាយថ្មីមួយរបស់គណបក្ស ដើម្បីធ្វើជាមូលដ្ឋានគ្រឹះ សម្រាប់ការដឹកនាំប្រទេសរយៈពេល៥ឆ្នាំ បន្តទៀតហើយដែលដំបូងបង្អស់គឺត្រូវយកទៅឃោសនាផ្សព្វផ្សាយ នៅពេលយុទ្ធនាការឃោសនា បោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត បានយល់ជ្រួតជ្រាប និងបោះឆ្នោតគាំទ្រគណបក្ស៕ ដោយ៖ រិន ចំរើន