ក្រុងបាវិត៖ អនុប្រធានទី ១ នៃអាជ្ញាធរមីនកម្ពុជា លោក លី ធុជ លើកឡើងថា ការធ្លាក់ខ្លួនពិការដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មិនមែនជាជម្រើសរបស់ប្រជាពលរដ្ឋទេ វាកើតចេញពីប្រវត្តិសាស្រ្តពិតនៃការបែកបាត់សាមគ្គី និងជម្លោះផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ ដែលនាំឲ្យមានសង្រ្គាមអូសបន្លាយអស់ជាងបីទសវត្សរ៍នៅកម្ពុជា។
ការលើកឡើងខាងលើ របស់លោក លី ធុជ ធ្វើឡើងនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ ក្នុងពិធីចែកអំណោយ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ជូនជនមានពិការភាពដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
លោកបន្តថា ការរក្សាឲ្យបាននូវសន្តិភាព គឺជាគុណតម្លៃដែលនាំឲ្យប្រទេសជាតិមានរីកចំរើន ហើយជីវភាពរបស់ប្រជាពលរដ្ឋទាំងអស់កាន់តែប្រសើរឡើង តាមរយៈការទទួលបាននូវឱកាសការងារ ប្រាក់ចំណូល និងការអភិវឌ្ឍនៅមូលដ្ឋាន។
លោកថ្លែងថា៖«ទោះបីយើងធ្លាក់ខ្លួនពិការ ប៉ុន្តែមិនមែនពិការសមត្ថភាពទេ យើងនៅមានចក្ខុវិស័យក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ អភិវឌ្ឍសង្គម និងគ្រួសារ»។
បើតាម លោក លី ធុជ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេស និងលើកកម្ពស់ដល់ជនមានពិការភាព តាមរយៈការជម្រុញឲ្យគ្រប់ក្រសួង ស្ថាប័ន និងបណ្តាក្រុមហ៊ុននានា ផ្តល់អាទិភាពឲ្យចូលរួមបម្រើការងារ៕ ដោយ៖ពុទ្ធិពល