ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានមានប្រសាសន៍ថា កម្ពុជា គ្មានបណ្ដេញនរណាម្នាក់ចេញពីក្របខណ្ឌរដ្ឋ ដោយសារជំនឿសាសនាឡើយ ផ្ទុយទៅវិញ កម្ពុជាប្រឆាំងការរើសអើង និងជម្លោះសាសនា។
ក្នុងឱកាសអញ្ជើញអបអរសាទរខួប១០០ឆ្នាំ នៃគ្រិស្តសាសនា «មរតកដំណឹងល្អ១០០ឆ្នាំ (១៩២៣-២០២៣)» នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាល ប្រឆាំងរាល់ទង្វើការបែងចែកក្នុងចំណោមប្រជាជនដែលបណ្ដាលមកពីភាពខុសគ្នា នៃជំនឿសាសនា សំដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនា។
សម្ដេចតេជោ បន្ដថា កម្ពុជាពិតជាមានមោទកភាពយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដោយប្រកាន់ខ្ជាប់សាសនាផ្សេងៗពីគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាល្អ មិនត្រឹមតែជាមោទកភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាមោទភាពសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោកដែលបណ្ដាប្រទេសជាច្រើនកោតសរសើរចំពោះសុខដុមនីយកម្មសាសនា នៅកម្ពុជា។
សម្ដេចតេជោបញ្ជាក់ថា «នៅក្នុងពិធីនេះ ពិតជាមានមន្ដ្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក ដែលមានជំនឿទៅក្នុងគ្រិស្ដសាសនា ប៉ុន្ដែអ្នកទាំងអស់គ្នាដែលបានឃើញថា នៅកម្ពុជានេះ បានបណ្ដេញពីក្របខណ្ឌរដ្ឋ ឬក៏បណ្ដេញអ្នកពីនេះ អ្នកនោះ ចេញពីទីនេះ ចេញពីទីនោះ ដោយសារតែជំនឿនោះឬទេ? ពិតជាគ្មានឡើយ នៅក្នុងពេលវេលាដែលយើង បានឆ្លងកាត់ក្នុងរយៈពេលជាង៤៤ឆ្នាំ កន្លងទៅនេះ»។
សម្ដេចតេជោថា កម្ពុជា តែងតែផ្ដល់លទ្ធភាពគ្រប់យ៉ាង ហើយគ្រប់មនុស្សអាចជឿសាសនាណាក៏បាន។ សម្ដេចថា កម្ពុជា ក៏ប្រឆាំងការរើសអើង និងមិនត្រូវឲ្យមានជម្លោះសាសនាកើតឡើងនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខ ដុមនីយកម្មគ្រប់ក្រុមនិកាយសាសនា។
សម្ដេចតេជោបន្ថែមថា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នអង្គភាពនានាពាក់ព័ន្ធ ធ្វើឲ្យមាន ប្រសិទ្ធភាពខ្ពស់ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋគោរពសាសនា៕ ដោយ៖ រិន ចំរើន