ភ្នំពេញ៖ អាជ្ញាធរមីន បញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាមបានចុះហត្ថលេខាបោសសម្អាតមីនក្នុងទំហំផ្ទៃដី ១៨០.២៧៨.៨១៧ ម៉ែត្រក្រឡា និងប្រើប្រាស់ថវិកាសរុបចំនួន ៣០ លាន ដុល្លារអាមេរិក ដែល សម្តេចតេជោ នាយករដ្ឋមន្រ្តី បានទម្លាក់ថវិកាជាតិក្នុងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការបោសសម្អាតមីន គាំទ្រពី មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥នេះធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីទទួលការអនុញ្ញាត ពី សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង និងមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមភូមិន្ទ។
លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្លែងថា អាជ្ញាធរមីន បានធ្វើការបែងចែកនូវថវិកា៖ ១. កងទ័ពជើងគោក បោសសម្អាតផ្ទៃដីសរុបចំនួន ៤៦.៨៤៣.៧៤០ ម៉ែត្រក្រឡា នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ២. មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសម្អាតផ្ទៃដីសរុបចំនួន ២៧.១១០.៦៩៧ ម៉ែត្រក្រឡា នៅស្រុកស្នួល ខេត្តក្រចេះ ស្រុកគិរីសាគរ និងស្រុកកោះកុង ខេត្តកោះកុង និងខេត្តមណ្ឌលគិរី ។ និង ៣. មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បោសសម្អាតផ្ទៃដីសរុបចំនួន ១០៦.៣២៤.៣៨០ ម៉ែត្រក្រឡា នៅខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប ។
លោកបន្តថា ដោយមានការគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងដៃគូអភិវឌ្ឍន៍ នៅឆ្នាំ២០២៣ ផ្ទៃដីមានមីនប្រមាណជា ៤១១ គីឡូម៉ែត្រក្រឡា មាននៅក្នុងផែនការធ្វើការបោសសម្អាត។ កម្ពុជានឹងមានរាជធានី ខេត្ត ចំនួន ១៨ ត្រូវបានប្រកាស រាជធានី ខេត្តអស់មីន ហើយខេត្តចំនួន ០៧ ទៀត នឹងត្រូវដាក់ផែនការបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥ រួមមាន ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ ថ្លែងថា គំរោងមូលធូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥នេះជាកញ្ចប់ថវិកាដែលសម្តេចតេជោបានអនុម័តនោះ អាចរំដោះផ្ទៃដីចម្ការមីនបានចំនួន១៨,០០០ហិចតា ក្នុងចំនួននេះអង្គភាពស៊ីម៉ាក់នឹងបោសសម្អាតតំបន់ចម្ការមីនចំនួន១០,៦០០ហិចតា ក្នុងខេត្តកំពង់ធំ សៀមរាប និងស្រុកខ្លះនៃខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន។
លោកបន្តថា គំរោងនេះជួយគាំទ្រកំលាំងជំនាញនានាចំនួនជិត៦០០នាក់ ដែលមានសុនខហិតមីនចំនួន១៣ក្រុម កងអនុសេនាតូចគ្រឿងចក្រចំនួន២១កង និងក្រុមស្រាវជ្រាវនិងបោសសម្អាតមីនចំនួន៣៦ក្រុម៕ ដោយ៖ ពុទ្ធិពល