តាកែវ៖ សូត្រឆ្វេងនៃវត្តទ្រព្យគរ ព្រះនាម នួន ឆានី ដែលបានវាយកូននេនចំព្រះកេសនឹងចានបាយ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានសាលាអនុគណស្រុកបាទី ចាប់ផ្សឹក និងប្រគល់ជូនសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់ហើយ ។
យោងតាមការផ្សព្វផ្សាយរបស់គណខេត្តតាកែវ បានឱ្យដឹងថា «សូមប្រគេន និងជូន ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម សាធារណៈជនទូទៅឱ្យបានជ្រាបថា៖ ករណីហិង្សាលើសាមណេរ ដោយភិក្ខុ នួន ឆានី អាយុ ៣២ឆ្នាំ ដែលប្រើហិង្សាលើសាមណេរ ដោយយកចានវាយលើសីស(ក្បាល)សាមណេរ បណ្ដាលឱ្យមានរបួស ដែលប្រព្រឹត្តនៅវេលាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅវត្តទ្រព្យគរ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ សាលាអនុគណស្រុកបាទី បានផ្សឹកភិក្ខុរូបនោះរួចរាល់ហើយ និងបានប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន ដោះស្រាយតាមនីតិវិធីច្បាប់បន្ត»។
សមត្ថកិច្ចនៃធិការស្រុកទន្លេបាទី ប្រាប់អង្កភាពសារព័ត៌មានខ្មែរឈាន នៅថ្ងៃទី ២៦ ខែមករានេះថា លោក មិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយប៉ុន្មានទេ និងមិនបានបញ្ជូនមកអធិការស្រុកចំពោះករណីខាងលើនេះ ប៉ុន្តែ តាមដឹងខ្លះៗ គឺករណីនេះ ពាក់ព័ន្ធនឹងធម្មការស្រុក និង រដ្ឋបាលស្រុក។ ដូច្នេះ ករណីនេះជនសង្ស័យ កំពុងស្ថិតនៅក្នុងនីតិវិធីខាងរដ្ឋបាលស្រុកបាទីជាអ្នកដោះស្រាយ ៕ ដោយ៖ ពុទ្ធិពល