ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំរៀបចំដំណើរការនៃយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទីពីរ នារសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ដែលមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងបរិស្ថាន តំណាងអង្គការដៃគូរួមមានអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) អង្គការសម្ព័ន្ធសត្វព្រៃ(Wildlife Alliance) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife) អង្គការអភិរក្សអន្តរជាតិ (CI) គម្រោងមរតកបៃតងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ (USAID Morodok Baitang) គម្រោងអនាគតបៃតងកម្ពុជា (USAID Cambodia Green Future) អង្គការ Fauna & Flora International (FFI), អង្គការ Wild Earth Allies និងអង្គការមូនិធិ MJP។
ក្រោយការបង្ហាញសកម្មភាពផែនការសម្រាប់យុទ្ធនាការដំណាក់កាលទីពីរ ការផ្លាស់ប្តូរយោបល់រវាងភាគីដៃគូដែលបានចូលរួម និងការផ្តល់មតិណែនាំដោយ រដ្ឋលេខាធិការ កិច្ចប្រជុំបានឯកភាពកំណត់យកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដែលត្រូវនឹងថ្ងៃនៃទិវាសត្វព្រៃពិភពលោកដែរនោះ ដើម្បីប្រកាសដាក់ដំណើរការយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទីពីរ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលប្រាំខែ គឺចាប់ពីខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣ ហើយត្រូវអនុវត្តក្នុងខេត្តចំនួនប្រាំគឺ៖ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង និងប៉ៃលិន។ តាមរយៈការអនុវត្តយុទ្ធនាការនេះ ភាគីពាក់ព័ន្ធ និងដៃគូទាំងអស់បានផ្តល់ឆន្ទៈធ្វើការរួមគ្នាដោយឈរលើមូលដ្ឋាននៃការស្វែងរកដំណោះស្រាយរួមគ្នាចំពោះកត្តាប្រឈម និងការគំរាមកំហែងនានាចំពោះសត្វព្រៃ និងធនធានធម្មជាតិដែលកំពុងកើតមាន សំដៅសម្រេចបាននូវគោលបំណងរួមតែមួយគឺការឈានទៅលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពាររបស់កម្ពុជា និងបញ្ឈប់ការជួញដូរសត្វព្រៃដែលត្រូវបានហាមឃាត់ដោយច្បាប់។
សូមរំលឹកដែរថា អន្ទាក់គឺជាឃាតកលាក់មុខ ហើយបាន និងកំពុងគំរាមកំហែងខ្លាំងចំពោះការរស់រានរបស់សត្វព្រៃ។ អន្ទាក់បានបង្កឱ្យសត្វព្រៃមួយចំនួនបានបាត់បង់ពីក្នុងព្រៃធម្មជាតិ ខណៈកំពុងធ្វើឱ្យចំនួនសត្វព្រៃមួយចំនួនធ្លាក់ចុះ។ «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ត្រូវបានផ្តួចផ្តើម និងដឹកនាំរៀបចំឡើងដោយក្រសួងបរិស្ថានដោយមានការចូលរួមរបស់អង្គការអន្តរជាតិដៃគូក្នុងវិស័យអភិរក្សធនធានធម្មជាតិ កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ក្នុងគោលបំណងដើម្បីឈានទៅបញ្ចប់វិបត្តិនៃការដាក់អន្ទាក់នេះ។ ជាក់ស្តែងដំណាក់កាលទីមួយនៃយុទ្ធនាការនេះត្រូវបានអនុវត្តចប់សព្វគ្រប់ក្នុងខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ដោយបានធ្វើដំណើរក្នុងបណ្តាខេត្តនៃប៉ែកខាងកើតទន្លេមេគង្គរួមមានខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី និងខេត្តកំពង់ធំ។
នៅក្នុងកិច្ចប្រជុំនោះដែរ លោក នេត្រ ភក្ត្រា បានផ្តល់បច្ចុប្បន្នភាពថា ក្នុងឆ្នាំ២០២២ អន្ទាក់ចំនួន ៣៤ ០០០ អន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិកម្ពុជា ខណៈអន្ទាក់ដែលគេបានដោះក្នុងឆ្នាំ២០២១ មានចំនួន ដល់ទៅ ៦១ ៦១១ អន្ទាក់។ ចំនួនអន្ទាក់ក្នុងឆ្នាំ២០២១ កើនឡើងប្រមាណជាជាង២០% បើប្រៀបធៀបនឹងបរិមាណអន្ទាក់ដោះបានក្នុងឆ្នាំ២០២០ ដែលមានចំនួន ៤៣ ២៧០ អន្ទាក់។ ប៉ុន្តែចំនួនអន្ទាក់សរុបបានថយចុះក្នុងឆ្នាំ២០២២ ដែលជាឆ្នាំនៃយុទ្ធនាការអន្ទាក់សូន្យ ពោលគឺចំនួនជាង៤៤%។
រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងគូសបញ្ជាក់ថា៖ «លទ្ធផលនេះជាសូចនាករមួយដែលអាចបញ្ជាក់បានអំពីហេតុប៉ះពាល់ដោយផ្ទាល់ចេញពីការអនុវត្តយុទ្ធនាការដ៏មានសារៈសំខាន់ក្នុងការផ្សព្វផ្សាយពីផលវិបាកនៃការដាក់អន្ទាក់ ការបរិភោគ និងការជួញដូរសាច់សត្វព្រៃ ដើម្បីផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋឱ្យបញ្ឈប់ការដាក់អន្ទាក់ បញ្ឈប់ការបរិភោគ និងបញ្ឈប់ជួញដូរសត្វព្រៃ ដែលទង្វើទាំងនេះសុទ្ធសឹងជាទង្វើដែលបង្កមហន្តរាយដល់មនុស្ស និងសត្វព្រៃគ្រប់ប្រភេទ។
គួររំលឹកផងដែរថា វិបត្តិអន្ទាក់មិនមែនកើតឡើងតែក្នុងប្រទេសកម្ពុជាទេ។ ផ្អែកតាមរបាយការណ៍ឆ្នាំ២០២០របស់អង្គការ WWF គេបានប៉ាន់ប្រមាណថា អន្ទាក់ចំនួនប្រមាណ១២លានអន្ទាក់ មានវត្តមាននៅក្នុងតំបន់ការពារនៃប្រទេសមួយចំនួនផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជានៅក្នុងប្រទេសឡាវ វៀតណាម ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី។ តាមរបាយដដែលនេះ អន្ទាក់ទាំងនេះជាដើមចមធ្វើឱ្យបាត់បង់នូវសត្វកម្រមួយចំនួនដូចជា សត្វខ្លាធំ ខ្លារខិន ខ្លាពពក ឆ្កែព្រៃ ខ្លាឃ្មុំជាដើម៕ ដោយ៖ គង់ សេដ្ឋាមុនី