ភ្នំពេញ ៖ គណៈប្រតិភូបារាំង ដឹកនាំដោយលោក អូលីវេ្យ បិច បានបង្ហាញជំនឿលើការវិនិយោគនៅកម្ពុជាយ៉ាងខ្លាំង ។
ការបង្ហាញជំនឿនេះ ដោយសារលោកឈរលើមូលហេតុថា កម្ពុជាបានចាប់ផ្ដើមពីចំណុចសូន្យ ហើយបាន បំបែកឯកតកម្ម លើការជំរុញកំណើនសេដ្ឋកិច្ច រយៈពេល២០ឆ្នាំ។ នេះជាការលើកឡើងរបស់លោកក្នុងកិច្ចប្រជុំជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃ២៥ មករា។
លោកបន្តថា កម្ពុជាបន្តធ្វើកំណែទម្រង់ បង្កបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា និងកម្ពុជាកំពុងមានអ្នកមានចំណូលមធ្យមច្រើន។ ក្នុងន័យនេះប្រតិភូបារាំងសម្រេចធ្វើការជាមួយកម្ពុជា ស្វែងរកការវិនិយោគលើវិស័យ រថភ្លើងល្បឿនលឿន ការដឹកជញ្ជូនតាមផ្លូវទឹកគោកអាកាស សំណង់ ថាមពល និងវិស័យដទៃទៀតនិងសុំស្វែងយល់ ពីសម្ដេចតេជោ អំពីវិស័យវិនិយោគជាអាទិភាពរបស់កម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោបានស្វាគមន៍ និងបាន ប្រាប់ប្រតិភូវិនិយោគបារាំងទាំងមូលថា កម្ពុជាអនុញ្ញាតឲ្យធ្វើការវិនិយោគ ១០០% សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ ។ ចំពោះផ្លូវដែក ២ខ្សែទៀតដែលមានស្រាប់ គឺត្រូវធ្វើការពង្រីក ហើយលើកទឹកចិត្តឲ្យមានការវិនិយោគពីវិស័យឯករីជនតាមរយៈគម្រោង B.O.T។
ពាក់ព័ន្ធនឹងថាមពលស្អាត សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាកំពុងតែប្រើប្រាស់ថាមពលស្អាត ប្រមាណ៦២% ហើយកំពុងតែទាក់ទាញវិនិយោគមកបន្ថែមទៀត ប៉ុន្តែមិនអនុម័ត ឲ្យបង្កើតរោងចក្រអគ្គិសនី ប្រើប្រាស់ធ្យូងថ្ម ថ្មី ឬធ្វើទំនប់វារីអគ្គិសនី កាត់ទន្លេមេគង្គឡើយ។ ជាមួយគ្នានេះដែរ កម្ពុជាកំពុងតែ លើកទឹកចិត្តឱ្យមានការប្រើប្រាស់ថាមពល ពន្លឺព្រះអាទិត្យ ។
សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូអំពីវិស័យវិនិយោគជាអាទិភាពរបស់កម្ពុជាផងដែរ នោះគឺការជំរុញ នយោបាយឧស្សាហកម្ម ជំរុញឲ្យមានការ វិនិយោគ លើឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់ ជំរុញឲ្យមានការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ ដែលកម្ពុជាមានវត្ថុធានដើម ដូចជាស្វាយចន្ទី កៅស៊ូ ដំឡូង ស្រូវជាដើម សម្រាប់ធ្វើការកែច្នៃមិនត្រឹមតែទៅកាន់ទីផ្សារកម្ពុជាទេប៉ុន្តែទៅកាន់ទីផ្សារដទៃទៀតដែលជាដៃគូរបស់កម្ពុជាទៀតផង៕ ដោយ៖ រិន ចំរើន