ភ្នំពេញ៖ វិវាទដីធ្លីរវាងលោកស្រី សៀង ចាន់ហេង ជាមួយលោកស្រី ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ ស្ថិតនៅចំណុចចន្លោះទំនប់ ៩៤-៩៦ និងចន្លោះខ្សែស្រប ៥៤-៥៦-៥៧ ក្នុងភូមិសាស្ត្រភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ត្រូវដោះស្រាយបញ្ចប់ ដោយលោកស្រី សៀង ចាន់ហេង បានទទួលស្គាល់និងប្រគល់ដីឱ្យ លោកស្រី ហ៊ុន ប៊ុនធឿន និងលោក ហៀវ លន់ ជាអ្នកកាន់កាប់។
កិច្ចប្រជុំដោះស្រាយបញ្ចប់វិវាទនេះ ធ្វើឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ ដោយមានការចូលរួមពី លោក ឡោ ដាវុធ រដ្ឋលេខាធិការលោក សេង ឡូត អគ្គនាយករដ្ឋបាល លោក សួន សូផា អគ្គនាយកសុរិយោដី និង ភូមិសាស្ត លោក សេង សុវណ្ណរ័ត្ននា អគ្គនាយករងរដ្ឋបាល លោកស្រី ហ៊ុន ប៊ុនធឿន លោកស្រី ហៀវ លន់ និង លោកស្រី សៀង ចាន់ហេង ។
ភាគីវិវាទបានឯកភាពគ្នាដូចតទៅ ១. លោកស្រី សៀង ចាន់ហេង ទទួលស្គាល់និងប្រគល់ដីវិវាទទំហំ៥០ ហិកតា ០៨ អា ស្ថិតនៅភូមិ ទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដូចមានផែនទីបង្ហាញទីតាំងដីភ្ជាប់ជាឧបសម្ព័ន្ធនៃ កិច្ចព្រមព្រៀងនេះ ជូនលោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកជំទាវ ហៀវ លន់។
២. លោកស្រី ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ យល់ព្រមទទួលដីដែលប្រគល់ជូនខាងលើ។ ៣. ភាគីទាំងពីរយល់ព្រមដកពាក្យបណ្តឹងដែលបានដាក់នៅគ្រប់ស្ថាប័ន និងស្ថាប័នតុលាការ រួមទាំងសំណុំរឿង រក្សាការពារទាំងអស់យ៉ាងយូរ ២សប្ដាហ៍គិតចាប់ពីថ្ងៃចុះកិច្ចព្រមព្រៀងនេះ៕ ដោយ៖ពុទ្ធិពល