យោធាកម្ពុជា-ថៃ ប្តេជ្ញាទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមព្រំដែន

ភ្នំពេញ៖ មេបញ្ជាយោធាប្រចាំខេត្តជាប់គ្នានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃបានប្ដេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់និងបង្ក្រាបបទល្មើស តាមព្រំដែន។

ការប្តេជ្ញានេះ ធ្វើឡើងក្នុងជំនួបរវាងឧត្តមសេនីយ៍ទោ សេង​ ធារិន មេបញ្ជាការរង នាយ​សេនាធិការ​យោធភូមិភាគទី៥​ខេត្តឧត្តរមានជ័យ និងឧត្តមសេនីយ៍ទោ ផាក់ណា ខ្លែវផ្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ នៅថ្ងៃ២៥ មករា ។

ជំនួបទ្វេភាគីកម្ពុជា-ថៃ ត្រូវបានធ្វើឡើងនៅបរិវេណស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារព្រំដែនអន្តរជាតិ “ប៉ោយប៉ែត-ខ្លងលឹក”។ គោលបំណងនៃកិច្ចជំនួបនេះ គឺដើម្បីសំណេះសំណាលពិភាក្សាការងារ ក្នុងន័យ រឹត ចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ យោធភូមិភាគទី៥កម្ពុជា-កងទ័ពភូមិភាគ ទី១ថៃ​ ។
ជំនួបនេះ ដើម្បីរួមគ្នា៖
១-ការដោះស្រាយបញ្ហា តាមតំបន់ព្រំដែនបានកាន់តែល្អប្រសើរ​ ឡើង។
២-បន្តអនុវត្តន៍យន្តការ នៃជំនួបពិភាក្សា រវាងមេបញ្ជាការ កងទ័ពជើងគោកនៃប្រទេសទាំងពីរ ។
៣-គាំទ្រសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
៤-បន្តកិច្ចសហប្រតិបត្តការទប់ស្កាត់ បញ្ហាគ្រឿងញៀន ចោរកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើ បទល្មើសផ្សេងៗ និងទប់ស្កាត់អំពើរភេរវកម្ម ឧក្រិដកម្មតាមបណ្តោយព្រំដែន៕