សម្ដេចតេជោ ៖ ប្រទេសជាច្រើន ធ្វើបដិវត្តន៍លើសមិទ្ធផលចាស់ តែកម្ពុជាចាប់ផ្ដើមឡើងវិញគ្រប់វិស័យ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកឡើងថា មានប្រទេសជាច្រើន ធ្វើបដិវត្តន៍លើសមិទ្ធផលចាស់ ឬកែលម្អថ្មីបន្ថែម ខុសពីបដិវត្តន៍នៅកម្ពុជា ត្រូវចាប់ផ្តើមកសាងឡើងវិញលើគ្រប់វិស័យ ដោយចាប់ផ្ដើមពីបាតដៃទទេ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោបានថ្លែងថា «មាន ប្រទេសជាច្រើន បានធ្វើបដិវត្តន៍ តែមិនដូចការធ្វើបដិវត្តន៍នៅកម្ពុជានោះទេ គឺខុសត្រង់ថា ការធ្វើបដិវត្តន៍របស់ប្រទេសទាំងនោះ បានបន្តជាមួយសមិទ្ធផលរបបចាស់ ឬគ្រាន់តែកែលម្អចំណុចដែលរបបថ្មីយល់ថា មិនល្អ ប៉ុន្តែនៅកម្ពុជាត្រូវចាប់ផ្តើមឡើងវិញលើគ្រប់វិស័យ ដោយចាប់ផ្ដើមពីបាតដៃទទេ ពេលដែលប្រទេសយើងងើបពីសង្គ្រាមដ៏រ៊ាំរៃជាច្រើនឆ្នាំនោះ»។

សម្ដេចតេជោបញ្ជាក់ថា សម្រាប់កម្ពុជា ភាពអាណោចអាធម៌ បានកើនឡើងក្នុងក្របខណ្ឌទូទាំងប្រទេស មិនថារដ្ឋ ឬឯកជននោះទេ សុទ្ធតែត្រូវចាប់ផ្តើមឡើងវិញដូចៗគ្នា។ សម្ដេចបន្ដថា ក្រុមគ្រួសារនីមួយៗ ក៏ត្រូវចាប់ផ្តើមកសាងជីវភាពថ្មី ជាមួយនឹងការលំបាករាប់មិនអស់ដែលបន្សល់ទុកពីរបបប៉ុល ពត ខ្លះក្លាយទៅជាស្ត្រីមេម៉ាយ ខ្លះទៅជាពោះម៉ាយ ខ្លះទៅជាក្មេងកំព្រា បាត់បង់គ្រួសារ និងត្រូវត្រឡប់ទៅភូមិកំណើត ដែលត្រូវគេជម្លៀស។

សម្ដេចតេជោ ក៏បានលើកឡើងថា ចំពោះវិស័យរដ្ឋ ស្ថាប័នទាំងអស់ នៅកម្ពុជា ក៏ត្រូវបង្កើតឡើងវិញផងដែរ។ ចំពោះវិស័យអប់រំក៏ដូចគ្នាដែរ ត្រូវកសាងឡើងវិញ ហើយមានទំហំធំជាងការកសាងវិស័យផ្សេងៗទៀត៕​ ដោយ៖ រិន ចំរើន