សម្តេច ស ខេង ស្នើប្រទេសនានា រួមគ្នាបង្ក្រាបមេខ្យល់ជួញដូរមនុស្ស

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃកម្ពុជា បានស្នើបណ្តាប្រទេសនានាក្នុងពិភពលោក រួមគ្នាស្រាវជ្រាវ និងបង្ក្រាបមេខ្យល់ ដែលប្រព្រឹត្តបទល្មើសអំពើជួញដូរមនុស្សគ្រប់ទម្រង់ សំដៅកាត់ផ្តាច់បទល្មើសនេះ ឱ្យមានប្រសិទ្ធភាព។

ក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅកម្ពុជា នាថ្ងៃ២០ មករា សម្ដេច ស ខេង បានឱ្យអាជ្ញាធររាជធានី-ខេត្ត ពង្រឹងការគ្រប់គ្រង និងការធ្វើអធិការកិច្ចហត្ថពលកម្មបរទេសអាជ្ញាធរ ហើយកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវគ្រប់គ្រងជនបរទេសស្របតាមច្បាប់កម្ពុជា ដើម្បីបង្ការទប់ស្កាត់ បទល្មើសគ្រប់ប្រភេទសំដៅពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពសង្គម។

សម្ដេចក៏បញ្ជាក់ថា «ក្នុងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើរជួញដូរមនុស្សគ្រប់ទម្រង់ ជួញដូរពលរកម្ម និងអាជីវកម្ម ផ្លូវភេទ និងការចុះធ្វើហត្ថពលកម្មគ្រប់ប្រភេទ អាជ្ញាធរ និងកងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរ នៃព្រះរាជាណាចក្រកម្ពុជា បានរកឃើញ ជនរងគ្រោះ ដែលជនបរទេសត្រូវបានមេខ្យល់នាំមកឱ្យចូលមកធ្វើការ ខុសច្បាប់នៅកម្ពុជា ។ អាស្រ័យហេតុនេះ ខ្ញុំស្នើជាមួយបណ្តាប្រទេសនានា ដើម្បីរួមគ្នា ស្រាវជ្រាវបង្ក្រាបបណ្តារមេខ្យល់ដែលប្រព្រឹត្តបទល្មើសនេះ សំដៅកាត់ផ្តាច់ បណ្តាញប្រព្រឹត្តបទល្មើសឱ្យមានប្រសិទ្ធភាព»។

សម្ដេចបន្តទៀតថា ក្នុងនោះគណៈបញ្ជាការរាជធានី-ខេត្ត ត្រូវសហការសម្របសម្រួល ផ្សព្វផ្សាយច្បាប់ និងលិខិតនានា ព្រមទាំងការគ្រប់គ្រង និងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដល់កម្មករ និយោគជិត របស់បរទេស និងវិនិយោគជក នៃរោងចក្រ សហគ្រាស និងមូលដ្ឋានអាជីវកម្មនានា ក្នុងរាជធានី-ខេត្ត របស់ខ្លួន ស្របតាមការណែនាំរបស់ គណៈកម្មការអន្ដរក្រសួង៕ ដោយ៖ រិន ចំរើន