មន្ត្រីជំនាញមីនស្នើអាមេរិក បន្ថែមថវិកាគាំទ្រការបោសសម្អាតគ្រាប់បែកចង្កោម

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើរដ្ឋាភិអាមេរិក បន្តជួយគាំទ្រការងារបោសសម្អាតមីន ឱ្យអស់ក្នុងឆ្នាំ២០២៥ ព្រមទាំងបន្ថែមថវិកាចូលរួមគាំទ្រការងារបោសសម្អាត គ្រាប់បែកចង្កោម។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Ethan Rinks នាយកកម្មវិធី នៃការិយាល័យដកហូតនិងលុបបំបាត់អាវុធ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា អាមេរិក បានចូលរួមគាំទ្រដល់ការងារ បោសសម្អាតមីន និងសំណល់ជាតិផ្ទុះនៅកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំនៅកម្ពុជា ក្នុងការផ្តល់សុវត្ថិភាព និងជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកបញ្ជាក់ថា «ដូច្នេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានស្នើសុំឲ្យរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក បន្តជួយគាំទ្រដល់ការងារបោសសម្អាតមីនឱ្យអស់ក្នុងឆ្នាំ២០២៥ និងបន្ថែមថវិកាចូលរួមគាំទ្រដល់ការងារបោសសម្អាតគ្រាប់បែកចង្កោមផងដែរ»។

ជាមួយនឹងបញ្ហានេះ លោកក៏បានថ្លែងអំពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ដោយបានដាក់ចេញផែនការយុទ្ធសាស្រ្តច្បាស់លាស់ បញ្ចប់ការងារបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥។

លោកថា ការបោសសម្អាតមីន សម្អាតគ្រាប់ចង្កោម គឺជាគោលដៅអាទិភាពទី២របស់កម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ ដែលកម្ពុជានៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោមប្រមាណជា៧៣៥ គីឡូម៉ែត្រក្រឡាទៀត។

នាឱកាសនោះដែរ លោក Ethan Rinks បានលើកឡើងថា ការិយាល័យដកហូត និងលុបបំបាត់អាវុធ គឺជាការិយាល័យទទួលបន្ទុកការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទាំងថ្នាក់តំបន់ និងពិភពលោក។

លោកថា ក្នុងរយៈពេលជាង៣០ឆ្នាំនេះ អាមេរិកបានជួយកម្ពុជាក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជា១៩០លានដុល្លារ៕
ដោយ៖ រិន​ ចំរើន