កណ្តាល៖ លោក គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ. ម) បានសម្តែងការសោកស្តាយជាមួយប្រជាពលរដ្ឋរងគ្រោះ ដោយសារឧបទ្ទេវហេតុគ្រោះមហន្តរាយទឹកជំនន់រដូវប្រាំង ដែលបានបង្កឲ្យផ្ទះសម្បែងប្រជាពលរដ្ឋស្រុត និងលិចចូលព្រែកអំឡុងពេលប៉ុន្មានថ្ងៃមុននេះ។
ការស្តែងសោកស្តាយរបស់មន្ត្រីរូបនេះ ធ្វើឡើងអញ្ជើញចុះពិនិត្យស្ថានភាពបាក់ច្រាំង និងចែកអំណោយដល់ប្រជាពលរដ្ឋប្រមាណ៧០គ្រួសារ បន្ទាប់ពីទឹកហូរខ្លាំងបង្កធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនលិចចូលព្រែកថី ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។
លោកបន្តថា គ្រោះមហន្តរាយទឹកជំនន់រដូវប្រាំងនេះ បានកើតឡើងលើទូទាំងសកលលោក ដោយសារការបម្រែបម្រួលអាកាសធាតុ និងនិយាយដោយឡែកកម្ពុជា មានភូមិសាស្រ្តមួយចំនួនបានរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
លោកបន្ថែមថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឆ្លើយតបតម្រូវ ជាក់ស្តែង របស់ប្រជាពលរដ្ឋរងគ្រោះ បានសហការជាមួយរដ្ឋបាលខេត្តកណ្តាល និងចូលរួមពីកងប្រតិបត្តិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ ចំនួន ០៣កង គឺ កងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧២៣ បញ្ជាការដ្ឋានទ័ពពិសេស កងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧០៩ បញ្ជាការដ្ឋានអង្គរក្ស និងកងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧០៦ យោធភូមិភាគពិសេស ហើយបានសហការជាមួយ កងពលតូចដឹកជញ្ជូនលេខ៩៩ បានធ្វើការរុះរើផ្ទះរបស់ ប្រជាពលរដ្ឋដែល រងគ្រោះធ្ងន់ធ្ងរចំនួន ៦១ខ្នងផ្ទះ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជា ប្រធានគណៈកម្មការជួយសង្គ្រោះគ្រោះមហន្តរាយក្រសួងការពារជាតិ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣ បានចាត់តាំងអោយកម្លាំងកងទ័ពប្រមាណចំនួន៦០០នាក់ ក្នុងនោះ មកពីកងពលតូចដឹកជញ្ជូនលេខ៩៩ ចំនួន២០០នាក់ ដឹកនាំបញ្ជា ដោយលោក ហ៊ុល សំអ៊ុន កម្លាំងមកពីបញ្ជាការដ្ឋានទ័ពពិសេស ចំនួន២០០ នាក់ ដឹកនាំបញ្ជាដោយលោក ចាប ភក្តី និងកម្លាំងបញ្ជាការដ្ឋានកងអង្គរក្ស ចំនួន២០០នាក់ ដឹកនាំបញ្ជាដោយ លោក អ៊ុង សារិទ្ធ ដើម្បីជួយសង្រោះប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ក្នុងការអន្តរាគមន៍ ចុះជួយ រុះរើស ផ្ទះសំបែង លើកទុកដាក់របស់របរ របស់បងប្អូនប្រជាពលរដ្ឋរស់តាម នៅបណ្តោយមាត់ព្រែក ដែលប្រឈមនឹងការបាក់ធ្លាក់ ផ្ទះសំបែងចូលទៅក្នុងទឹក ដើម្បីជួយរៀបចំយកមកទុកដាក់នៅកន្លែងអោយមានសុវត្ថិភាព ទាំងជីវិតមនុស្ស សត្វ របស់របរផងដែរ ។
លោកម៉ឹង សំផន បានបញ្ជក់ថា នៅពេលនេះកម្លាំងជួយសង្រ្គោះបាន ខិតខំជួយដល់ប្រជាពលរដ្ឋជាពិសេសដើម្បីកុំអោយផ្ទះរបស់គាត់ធ្លាក់ចូលទៅក្នុងទឹកបន្តទៀតជៀសវាងគ្រោះមហន្តរាយដល់អាយុជីវិត ។
បើយោងតាមអាជ្ញធរមូលដ្ឋានបានបញ្ជាក់អោយដឹងថា គ្រោះមហន្តរាយនេះកើតឡើងនាពេលនេះ គឺដោយ ជំនន់ទឹកភ្លៀងបណ្ដាលមកពី ភ្លៀងធ្លាក់ខ្លាំង ដែលបានរងការវាយប្រហារដល់ក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងមក ដែលបណ្តាលឱ្យអាងស្តុកទឹកមួយចំនួន មានមានទឹកកើនឡើងទើបបណ្ដាលអោយអាងស្តុកទឹកស្វយ័តអន្លង់ជ្រៃ នៃស្រុកថ្ពង មានទឹកឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន ទើបមន្ទីរជំនាញរួមជាមួយអោយអាជ្ញាធរបង្ខំចិត្តបើកទ្វារទឹកទាំង៥ ដើម្បីរំដោះទឹកបញ្ជៀសពីការហូរច្រះធ្វើឲ្យបាក់ទំនប់ ជាយថាហេតុ ទើបធ្វើអោយភូមិព្រែកថី្ម សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះ៕ ដោយ៖ ពុទ្ធិពល