លោក កែវ រ៉េមី ៖ កម្ពុជាមានចំណុចខ្លាំង លើកកម្ពស់សិទ្ធិមនុស្ស ដោយគ្មានទោសប្រហារជីវិត

ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមីបានលើកឡើងថា កម្ពុជាមានចំណុចខ្លាំងក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេស គ្មានទោសប្រហារជីវិត។

ក្នុងឱកាសជួប លោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស អ្នកជំនាញឯករាជ្យអង្គការសហប្រជាជាតិស្តីពីការការពារប្រឆាំងនឹងអំពើហិង្សា និងការរើសអើងផ្អែកលើនិន្នាការភេទ និងអត្តសញ្ញាណ យេនឌ័រនាថ្ងៃ១៦ មករា លោក កែវ រ៉េមី បានថ្លែងថា «កម្ពុជាមានចំណុចខ្លាំងក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សដែលអាចមើលឃើញតាមរយៈការចែងយ៉ាងច្បាស់នៅពេញមួយជំពូកទី៣ នៃរដ្ឋធម្មនុញ្ញ អំពីការទទួលស្គាល់និងការគោរពសិទ្ធិមនុស្ស ហើយជាពិសេស នៅកម្ពុជាគ្មានទោសប្រហារជីវិតទេ»។

លោកបន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ទទួលយកអ្នករាយការណ៍ពិសេសលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានផ្ដល់សច្ចាប័នលើអនុសញ្ញាសិទ្ធិមនុស្សសំខាន់ៗចំនួន ៨ ក្នុងចំណោមអនុសញ្ញាទាំង៩ ទាំងនេះគឺជាការបង្ហាញនូវប្ដេជា្ញចិត្តយ៉ាងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។

ចំណែកលោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស បានកោតសរសើរកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ ទាំងនៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល គឺបានការពារមិនឱ្យមានការរើសអើង ហើយទាំងនៅក្នុងការអនុវត្តសមត្ថកិច្ច ក៏មិនឃើញមានការរើសអើងជាប្រព័ន្ធនោះទេ។

លោកបញ្ជាក់ថា លោកនឹងដាក់បញ្ចូលទៅក្នុងរបាយការណ៍របស់លោកក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា អំពីភាពជាវិជ្ជមានដែលក្នុងច្បាប់គោលនយោបាយ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានា មិនឱ្យមានការរើសអើងដោយផ្អែកលើនិន្នាការភេទ៕ ដោយ៖​ រិន​ ចំរើន