ប្រតិបត្ដិករទេសចរណ៍ និងសហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងធ្វើពិធី “បុណ្យអង្ករ”លើកដំបូងនៅខេត្តសៀមរាប

សៀមរាប៖ សមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងនឹងរៀបចំពិធីបុណ្យអង្ករ រយ:ពេល ៣ថ្ងៃនៅខេត្ដសៀមរាប ដើម្បីផ្សព្វផ្សាយសក្ដានុពលវិស័យស្រូវអង្ករកម្ពុជា ដែលជាមាស “ស” ខណ:ដែលង្ករកម្ពុជាបានឈ្នះពានរង្វាន់ “អង្ករល្អដាច់គេ លើពិភពលោក”។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយស្ថាប័នពាក់ព័ន្ធនឹងរៀបចំពិធីបុណ្យអង្ករដំបូងគេនៅខេត្ដសៀមរាប សម្រាប់ឆ្នាំ២០២៣ ដោយមានរយ:ពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ នៅបរិវេណសួនច្បារព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប។ ពិធីបុណ្យអង្ករនេះនឹងប្រមូលផ្តុំនូវផលិតផលកែច្នៃពីអង្ករ ការបង្កើតថ្នាលស្រូវពណ៌ខៀវ និងពណ៌មាសទុកសម្រាប់ភ្ញៀវទេសចរណ៍ថតកម្សាន្ត និងការចូលរួមរបស់បវរកញ្ញាអន្តរជាតិ (Miss Planet International) ជាដើម។

សេចក្ដីប្រកាសព័ត៌មានដដែលបានបន្ដថា ការរៀបចំប្រារព្ធបុណ្យអង្ករនេះ ដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែច្រើន ក្រោមស្មារតី នៃយុទ្ធនាការ “ទស្សនាស្រុកយើង កម្ពុជាស្អាត និងទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ”។ជាមួយគ្នានោះ ក៏បានរួមគ្នាផ្សព្វផ្សាយទិសដៅទេសចរណ៍ដ៏មានសក្កានុពល ក្នុងខេត្តសៀមរាប ផលិតផល និងសេវាកម្មទេសចរណ៍ ព្រមទាំងវប្បធម៌ អរិយធម៌ ដើម្បីបន្តធានាបាននូវភាពធន់ក្នុងវិស័យទេសចរណ៍ ដែលជា “មាសបៃតង” របស់កម្ពុជា និងផ្សារភ្ជាប់វិស័យទេសចរណ៍ជាមួយផលិតផលក្នុងស្រុក ជាការរួមចំណែកថែរក្សា និងលើកកម្ពស់ស្នាដៃច្នៃប្រឌិតរបស់ខ្មែរគ្រប់វិស័យ ដែលក្នុងនោះវិស័យទេសចរណ៍ និងកសិកម្មជាទិសដៅអាទិភាពរបស់ប្រជាជនកម្ពុជា។សេចក្ដីប្រកាសព័ត៌មាននេះដែរ បានឱ្យដឹងថា ការធ្វើពិធីបុណ្យអង្គរឆ្នាំ២០២៣នេះ បន្ទាប់ពីប្រភេទអង្ករម៉ាក “ម្លិះអង្គរ” ដែលផលិតចេញពីពូជស្រូវឈ្មោះ “ផ្ការំដួល” ឈ្នះពាន់រង្វាន់ល្អផ្ដាច់គេលើពិភពលោក” ដែលរៀបចំឡើងនៅទីក្រុងភូកេត ប្រទេសថៃ កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ អង្ករម៉ាក “ម្លិះអង្គរ” ដែលមានពូជស្រូវឈ្មោះផ្ការំដួល ធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកចំនួន ៤ដងរួចមកហើយ គឺនៅឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៨ ហើយឆ្នាំ២០២២ នេះជាលើកទី៥ ដែលអង្ករកម្ពុជាបានឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោក៕ ដោយ៖ ពុទ្ធិពល