សម្តេចតេជោ ៖ កម្ពុជានឹងនាំចូលត្រីខកំប៉ុងពីម៉ាល់ឌីវ

ភ្នំពេញ ៖ ខណៈតម្រូវការត្រីខកំប៉ុងនៅកម្ពុជាកំពុងកើនឡើង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជាបានប្រកាសថា នឹងនាំចូលត្រីខកំប៉ុងពីម៉ាល់ឌីវ ។

ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមពីវិមាន ប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ នាថ្ងៃ១៦ មករា ម៉ោងនៅម៉ាល់ឌីវ សម្ដេចតេជោមានប្រសាសន៍ថា កម្ពុជា មានត្រីទឹកសាប និងទឹកប្រៃ ប៉ុន្ដែមិនគ្រប់គ្រាន់ឡើយសម្រាប់ប្រជាពលរដ្ឋ ដូច្នេះតម្រូវម្ហូបអាហារផ្នែកវិចខ្ចប់ត្រូវការច្រើន។

ចំណុចនេះ សម្ដេចតេជោបញ្ជាក់ថា «ត្រីខកំប៉ុងប្រហែលជាលទ្ធភាពច្រើនជាងគេ ក្នុងការនាំទៅកាន់កម្ពុជាមុនគេ ព្រោះក្នុងមួយឆ្នាំៗ គឺកម្ពុជាប្រើត្រីខកំប៉ុងច្រើនណាស់ ។ គ្រាន់តែប៉ុន្មានខែមុននេះ ខ្ញុំប្រើត្រីខកំប៉ុងប្រមាណជា១០ម៉ឺនកេសដើម្បីផ្គត់ផ្គង់ទៅដល់ក្រុមគ្រួសារដែលមានការលិចលង់ដោយជំនន់ទឹកភ្លៀង»។

សម្ដេចតេជោបន្ដថា ឥឡូវកម្ពុជាកំពុងត្រូវការត្រីខកំប៉ុង ព្រោះមានភាពងាយស្រួលសម្រាប់ចែកជូនប្រជាជន។

សម្ដេចបន្ថែមថា គោលដៅនៃការនាំទំនិញដំបូងពីម៉ាល់ឌីវមកកាន់កម្ពុជា ប្រហែលជាត្រីខកំប៉ុងហើយ ។ មិនមែនតែប្រជាជនកម្ពុជា មានតម្រូវការប៉ុណ្ណោះទេ តែសម្រាប់អ្នកទេសចរណ៍បរទេសនានា មកទស្សនានៅកម្ពុជាក៏ត្រូវការដែរ៕ ដោយ៖ រិន ចំរើន