រដ្ឋាភិបាលប្រគល់ដី ដែលទើបទទួលបានពីលោក គង់ គាំ ឱ្យ គ.ជ.ប សាងសង់អគារទីស្ដីការ

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចប្រគល់ដី ដែលទើបទទួលបានពីលោក គង់គាំ ដែលបច្ចុប្បន្នជា ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ឱ្យទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីសាងសង់អគារទីស្ដីការ គ.ជ.ប។

ក្រោយពីទទួលបានដំណឹងតាមការប្រកាសរបស់រាជរដ្ឋាភិបាល គ.ជ.បនៅថ្ងៃទី ១៦ ខែមករា នេះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានប្រគល់ដីដែលជារបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មកឱ្យ គ.ជ.ប ដើម្បីរៀបចំកសាងអគារទីស្ដីការ គ.ជ.ប។

លោក សោម សូរីដា អ្នកនាំពាក្យគជបថ្លែងថា ទីតាំងដីនេះ គឺល្អ សម្រាប់គជប បើធៀបទៅនឹងទីតាំងបច្ចុប្បន្ន ព្រោះផ្ទៃដីមានទំហំធំទូលាយ និងនៅចំកណ្តាលទីក្រុងភ្នំពេញ។

លោកបន្តថា ទីតាំងទីស្តីការគជបថ្មីនេះ ធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ ហើយគជប នឹងចាត់ចែងរៀបចំសាងសង់អគារទីស្តីការឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។

លោក គង់ គាំ និងភរិយា បានសម្រេចប្រគល់ដីទំហំ៥២៩០ម៉ែត្រការ៉េ និងផ្ទះ ស្ថិតនៅក្នុងភូមិ៥ សង្កាត់ទន្លេសាក់ ដែលលោក និងភរិយាទទួលបានវិញ្ញាបនត្រសម្គាល់កម្មសិទ្ធិ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ជូនទៅរដ្ឋគ្រប់គ្រងវិញ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ឱ្យអង្គភាពអំពើពុករំលួយស៊ើបអង្កេតស្រាវជ្រាវ លើករណីធ្វើបណ្ណកម្មសិទ្ធិកាន់កាប់ដោយខុសច្បាប់។

ក្នុងលិខិតប្រគល់ដី និងផ្ទះជូនរដ្ឋវិញ ចុះថ្ងៃទី១២ ខែមករា លោក គង់ គាំបានសរសេរថា «ដោយរូបខ្ញុំបាទ មានការឆ្គាំឆ្គង និងយល់មិនបានអស់អំពីបែបបទនៃការសុំកាន់កាប់នូវផ្ទះ និងដី និងម្យ៉ាងទៀតដើម្បីកុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយខាតពេលវេលាក្នុងការស្រាវជ្រាវ ហើយអាចបញ្ចប់ករណីនេះ ខ្ញុំបាទ និងភរិយា សូមប្រគល់ផ្ទះ និងដីលេខ៧១នេះ ដោយស្ម័គ្រចិត្តជូនរដ្ឋវិញ»៕ ដោយ៖ ពុទ្ធិពល