ភ្នំពេញ៖ ក្រសួងរ៉ែនិងថាមពល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី “គម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូន” ។
ពិធីចុះហត្ថលេខាងលើធ្វើឡើង នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣ ដោយ បណ្ឌិត អ៉ិត ប្រាំង រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែនិងថាមពល និង លោក TANINAI Ichitomo រដ្ឋមន្ត្រីនិងជាឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពល ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
បើតាមក្រសួងរ៉ែ គោលបំណងនៃគម្រោងនេះ គឺជាការបង្កើតផែនទីបង្ហាញផ្លូវមួយសម្រាប់កម្ពុជា ដើម្បីឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូន ជាមួយនឹងការរក្សាបាននូវតុល្យភាពសន្តិសុខថាមពល កំណើនសេដ្ឋកិច្ច និងកិច្ចការពារបរិស្ថាន។
គម្រោងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់កម្ពុជាក្នុងការពន្លឿនការផ្លាស់ប្តូរថាមពលទៅជាថាមពលស្អាតបន្ថែមទៀត ក៏ដូចជាជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឱ្យស្របទៅតាមគោលដៅនៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹត្យកាបូន៕ ដោយ៖ ពុទ្ធិពល