សម្តេចតេជោស្នើ ACU ស្រាវជ្រាវអំពីការលួចបន្លំធ្វើប័ណ្ណសម្គាល់សិទ្ធិកម្មសិទ្ធិលើដីនិងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេសពីសំណាក់ លោក គង់ គាំ

ភ្នំពេញ៖ ដើម្បីពន្លឿនដំណើរការស្វែងរកការពិតជុំវិញការរៀបចំឯកសារបន្លំយកដីនិងផ្ទះរបស់ក្រសួងការបរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ លោក គង់ គាំ, នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន បានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្រាវជ្រាវជាបន្ទាន់អំពីភាពមិនប្រក្រតីនានានៃការលួចបន្លំធ្វើប័ណ្ណសម្គាល់សិទ្ធិកម្មសិទ្ធិលើដីនិងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស និងចាត់វិធានការបន្តតាមផ្លូវច្បាប់ តាមការចាំបាច់ ដោយផ្អែកលើមូលដ្ឋាននៃលទ្ធផលដែលបានស្រាវជ្រាវរកឃើញ។

សម្តេតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសបុកនៅថ្ងៃទី ១២ ខែមករាឆ្នាំ ២០២២ នេះ ឱ្យដឹងថា ដីនិងផ្ទះដែល លោក គង់ គាំ រៀបចំឯកសារបន្លំយកនេះ គឺជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយដី និងផ្ទះនេះ នឹងមិនត្រូវបាត់បង់ទៅណាឡើយ ដោយត្រូវយកមកវិញ តាមគ្រប់មធ្យោបាយដោយអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន។

ដោយឡែក កាលពីយប់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ផ្ញើសារ ដើម្បីជាការបញ្ជាក់បន្ថែមផង និងជាការដាស់តឿនផង ដល់ លោក គង់ គាំ ដូចខាងក្រោម ៖ ទី១-តាំងពីក្រោយឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន នៅកម្ពុជា ពុំមានឡើយនូវមុខតំណែងជា “អនុរដ្ឋមន្រ្តីទី១” គឺ នៅសម័យនោះ មានតែមុខតំណែងជា “អនុរដ្ឋមន្រ្តី” និង “ឧបការី” ប៉ុណ្ណោះ ហើយក៏ពុំមានដែរនូវមុខតំណែងជា “រដ្ឋលេខាធិការ”។

ទី២-នៅក្នុងលិខិតបំភ្លឺផ្ញើទៅកាន់ហ្រ្វេសញ៉ូ គង់ គាំ បានបញ្ជាក់ថា បានចូលទៅស្នាក់នៅនៅផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ដោយគ្រាន់ត្រឹមតែជាការ “ជូនព័ត៌មានមកខ្ញុំ ក្នុងឋានៈខ្ញុំជារដ្ឋមន្រ្តីនាពេលនោះប៉ុណ្ណោះ” ពុំមែនជា “ការស្នើសុំកាន់កាប់យកជាកម្មសិទ្ធិលើផ្ទះនោះទេ”។

ហេតុដូច្នេះ ពុំមានឡើយនូវការសម្រេចណាមួយពីខ្ញុំដែលជារដ្ឋមន្រ្តីនាពេលនោះ ក្នុងការប្រគល់ផ្ទះនិងដីរបស់ក្រសួងការបរទេសទៅឱ្យ គង់ គាំ ឡើយ។ និយាយម្យ៉ាងទៀត តាមផ្លូវច្បាប់ ផ្ទះនិងដីនេះនៅតែជាកម្មសិទ្ធិស្របច្បាប់របស់ក្រសួងការបរទេសដដែល ដោយពុំមានការកែប្រែឡើយ ហើយរាជរដ្ឋាភិបាល នឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដើម្បីទាមទារយកត្រឡប់មកវិញនូវផ្ទះ និងដីដែលជាកម្មសិទ្ធិរបស់រដ្ឋ។

ទី៣-ដើម្បីចៀសវាងផលវិបាកនានា ដែលកើតចេញពីបណ្តឹង និងសកម្មភាពទាំងឡាយខាងផ្លូវច្បាប់ ដែលរាជរដ្ឋាភិបាលនឹងចាត់វិធានការក្នុងការទាមទារយកផ្ទះនិងដីរបស់ក្រសួងការបរទេសមកវិញ និងក្នុងឋានៈសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ដែលបានកាន់អំណាចជាប់រហូតឥតដាច់អស់ពេលជាង ៤៤ ឆ្នាំ ពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន,សម្តេចបាន ដាស់តឿនឱ្យ គង់ គាំ ប្រគល់ឱ្យក្រសួងការបរទេសវិញនូវផ្ទះនិងដី ដែល គង់ គាំ បានស្នាក់នៅ និងបន្លំយកធ្វើជាកម្មសិទ្ធិឯកជន ដោយទុកពេលវេលាមួយខែជាកំហិត គិតពីថ្ងៃនេះ “ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣” តទៅ។

ជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យចេញសាលក្រមកំណត់ឱ្យ លោក គង់ គាំ ប្រគល់ដី និងអគារមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រឡប់មកក្រសួងការបរទេសវិញ ជាមួយនឹងការទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល។
ក្រសួងការបរទេស បានសម្រេចប្រគល់សិទ្ធិ ជូនលោក គី តិច រៀបចំបណ្តឹង និងតាមការពារសំណុំរឿង ទាមទារទ្រព្យរដ្ឋ ជូនក្រសួងការបរទេស គ្រប់គ្រងតាមច្បាប់វិញ៕ ដោយ៖ ពុទ្ធិពល