ធនាគារជាតិ ៖ សេដ្ឋកិច្ចកម្ពុជា រំពឹងបន្ដសម្រេច រង្វង់ ៦% ទោះមានបញ្ហាពីខាងក្រៅ

ភ្នំពេញ ៖ ធនាគារជាតិកម្ពុជា បានប្រកាសថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថា នឹងបន្តសម្រេចបានក្នុងរង្វង់៦% នៅឆ្នាំ២០២៣នេះ បើទោះបីជាមានបញ្ហាប្រឈមខាងក្រៅខ្ពស់ក៏ដោយ។

យោងតាមលិខិតធនាគារជាតិកម្ពុជា នាពេលថ្មីៗនេះ បានបញ្ជាក់ថា ក្នុងស្ថានភាពដែលអត្រាអតិផរណានៅមានកម្រិតខ្ពស់នៅឡើយ ធនាគារកណ្ដាលសហរដ្ឋអាមេរិក គ្រោងបន្តដំឡើងអត្រាការប្រាក់គោលបន្ថែមទៀត ដែលអាចបន្តរឹតបន្តឹងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងបណ្តាលឱ្យប្រាក់ដុល្លារអាមេរិកបន្តឡើងថ្លៃ។

ប៉ុន្តែធនាគារជាតិកម្ពុជាបញ្ជាក់ថា ទោះបីយ៉ាងណាគឺថា «សេដ្ឋកិច្ចកម្ពុជា កំណើនត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថា នឹងបន្តសម្រេចបានក្នុងរង្វង់ ៦% នៅឆ្នាំ២០២៣ បើទោះជាមានបញ្ហាប្រឈមខាងក្រៅខ្ពស់ក៏ដោយ។ កំណើន នេះសម្រេចបាន ដោយសារការរំពឹងទុកពីកំណើន ក្នុងវិស័យកាត់ដេរ ៦,៩% ហើយផលិតផលកម្មន្តសាលមិនមែន កាត់ដេរកើន ១៤,៣%។ វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងមានកំណើន ១៨,៥% ដោយសារកំណើនភ្ញៀវទេសចរក្នុងស្រុក និងការងើបឡើងលឿននៃភ្ញៀវទេសចរអន្តរជាតិ ជាមួយនឹងការបង្កើន ការតភា្ជប់ជើងហោះហើរមកកម្ពុជាជាលំដាប់និងការកើនឡើងទេសចរចិន ក្រោយការបន្ធូរបន្ថយ ការរឹតបន្តឹងលើការធ្វើដំណើរ ដើម្បីការពារការរាលដាលជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិន»។

ធនាគារជាតិ បន្ថែមថា វិស័យកសិកម្មត្រូវបានព្យាករថានឹងមានកំណើនល្អជាងឆ្នាំ២០២២ ក្នុងអត្រា ១,១% ដែលរួមចំណែកគាំទ្រ ដោយការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ព្រមទាំងការដករបាំងពន្ធនាំចូលអង្កររបស់កម្ពុជាទៅកាន់ទីផ្សារ អឺរ៉ុប។

យ៉ាងណាមិញ វិស័យសំណង់ និងអចលនទ្រព្យត្រូវ បានរំពឹងថា នឹងបន្តងើបឡើងជាសន្សឹមៗ ក្នុងអត្រា ១,៧% និង១,២% រៀងគ្នា ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុកផ្ដោតលើទីផ្សារ អចលនទ្រព្យលំនៅឋានដែលមានតម្លៃសមរម្យ ខណៈដែលសំណង់ប្រភេទប្រណីតដែលបម្រើដល់ តម្រូវការអនិវេសជនត្រូវការពេលវេលា ដើម្បីអាចវិលត្រឡប់ទៅរកស្ថានភាពមុនពេលមានវិបត្តិ៕ ដោយ៖ រិន​​ ចំរើន