រដ្ឋមន្រ្តីមហាផ្ទៃ នឹងកោះហៅអភិបាលរាជធានី-ខេត្ត មករាយការណ៍បទល្មើស ដោយគ្មានការលាក់បាំង

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ មានគម្រោងកោះហៅអភិបាលរាជធានី-ខេត្ត ម្នាក់ម្ដងៗ មករាយការណ៍ឲ្យសម្ដេច អំពីបទល្មើសនីមួយៗក្នុងមូលដ្ឋានរបស់ខ្លួន ដោយគ្មានការលាក់បាំង។

ការលើកឡើងរបស់សម្តេចនេះ ក្នុងឱកាសអញ្ជើញបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ សម្ដេចបានគូសបញ្ជាក់ថា ពេលនេះរាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ ក្នុងការរក្សាសុខសណ្តាប់ធ្នាប់សាធារណៈ និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសផ្សេងទៀត ក្នុងនោះ អំពើជួញដូរមនុស្សគ្រប់ទម្រង់ ត្រូវបន្តធ្វើការងារដោយមិនត្រូវទំលាក់ ដៃនោះទេ។

សម្ដេចបន្ដថា បទល្មើសជួញដូរមនុស្ស ជាបទល្មើសមួយកើតឡើងដោយមានភាពស្មុគស្មាញ ដូចជា៖ ការរំលោភសិទ្ធិមនុស្ស ហើយក៏មានបទល្មើសផ្សេងទៀត គឺចោរលួច ចោរប្លន់ជាដើម។ សម្ដេច រំលឹកថា កាលពេលមុន ក្នុងមួយថ្ងៃជាមធ្យមទទួលបាន បណ្តឹងជាង១០ តែពេលនេះក្នុងមួយថ្ងៃមាន១បណ្តឹងប៉ុណ្ណោះ ខណៈថ្ងៃខ្លះក៏គ្មានបណ្តឹងដែរ។

សម្តេចបញ្ជាក់ថា «នេះជាលទ្ធផលដែលយើងបាន ដោះស្រាយ ក្នុងការជួយជនរងគ្រោះបានជាបន្ដបន្ទាប់ ដែលមានបណ្តឹងសុំឱ្យជួយ»។

លើសពីនេះ សម្ដេច ស ខេង ក៏បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវតែធ្វើការដោះស្រាយចំពោះពាក្យបណ្តឹងរបស់ជនរងគ្រោះបានអស់ និងច្បាស់លាស់ ដោយមិនត្រូវទុកចោល ឬធ្វើលំៗស្រាលៗ និងផ្សំគំនិតនោះទេ។ សម្តេចបន្ថែមថា បើសិនអភិបាលរាជធានី-ខេត្ត ឬសមត្ថកិច្ច មានបិទបាំងបទល្មើស នៅពេលទទួលមានបណ្តឹងហើយមិនបានដោះស្រាយនោះ នៅថ្ងៃណាមួយ នឹងរកឃើញជាមិនខាន។

សម្ដេចបញ្ជាក់ទៀតថា «បើបិទបាំងមានន័យថា យើងគាំទ្រនូវអំពើទុច្ចរិត ក្នុងនោះពេលយើងចុះទៅ គឺយើងនឹងឃើញនូវប្រភេទបទល្មើសព្រមគ្នា បើមិនមួយ ក៏ពីរ ឬក៏បីដែរ។ បើនៅកន្លែងមួយបើកការរកស៊ីអនឡាញ សួរថាមានច្បាប់ទេ? អត់មាន នេះជាបទល្មើសមួយ មួយទៀត អ្នកធ្វើការនៅអនឡាញមានវីសារចូលមកស្រុកចូលកម្ពុជា បើអត់មាន គឺបទល្មើសមួយទៀត។ តែបើមានវីសារទេសចរណ៍ តែមកធ្វើការនោះ ក៏ជាកំហុសមួយដែរ។ បើយើងធ្វើការលំៗ ស្រាលៗ ឱ្យតែរួចពីដៃ នៅថ្ងៃណាមួយ ខ្ញុំនឹងធ្វើគណនេយ្យភាព ត្រួតពិនិត្យ ហៅចៅហ្វាយខេត្តមករាយការណ៍ តាមករណីនីមួយៗ។ បើមន្ត្រីនគបាលធ្វើការមិនច្បាស់លាស់ គឺមិនស្មោះត្រង់ និងវិជ្ជាជីវៈ»។

សម្ដេចបានលើកឡើងទៀតថា មកដល់ពេលនេះ ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹង៧០០ពាក្យបណ្តឹង ហើយពាក្យបណ្តឹងមកពីខេត្តណាចំនួនប៉ុន្មាន គឺមាននៅក្នុងបញ្ជីអស់ហើយ ដូច្នេះ មិនអាចលាក់បាំងបានឡើយ៕ ដោយ៖ រិន ចំរើន